ខេត្តសៀមរាប៖  ពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ ក្នុងរមណីយដ្ឋានអង្គរ សរុប ចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិ រុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះនឹងត្រូវចូលរួមចាប់ឆ្នោត ទទួលយកដីឡូត៍ នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២នេះ។

តាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ បានបង្ហាញពី លទ្ធផលនៃយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ សីហា ឆ្នាំ២០២២។

ក្នុងរយៈពេលមិនដល់១សប្ដាហ៍ ក្រុមការងារបច្ចេទេសបានសម្រេចលទ្ធផល នៃការវាស់វែងក្បាលដីបានចំនួន ២០០៣១ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២៣១៥ក្បាលដី ក្នុងទំហំសរុប ៤០១១៨ហិកតា នៃទីតាំងទាំងបី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋលក់ដូរនៅមុខប្រាសាទបន្ទាយក្តីទាំង ៣៤តូប ស្ថិតនៅភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប បានយល់ព្រមរុះរើដោយស្ម័្រគចិត្តទាំងអស់ និងបានគៀរគរសាច់ញាតិមកជួយរុះរើដោយខ្លួនឯងផងដែរ។