ស្រុកបន្ទាយស្រី៖ ស្រូវសម្ងួតរួចចំនួន១៦តោន បានមកពីការប្រមូលផលនៃ«គម្រោងស្រែសង្គម» ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋម្ចាស់ស្រែទាំង៨៨គ្រួសារនៅក្នុងឃុំព្រះដាក់ ទៅតាមពេលវេលានិងបរិមាណដែលបានគ្រោងទុក ដូចដែលបានសន្យា។ នេះបើតាមការលើកឡើងរបស់លោកអភិបាលស្រុក បន្ទាយស្រី ឃឹម ហ្វីណង់ នាព្រឹកថ្ងៃ២៥ កញ្ញា ២០២០ នេះ។

ចូលទំព័រស្វែងរកការងារ របស់ក្រមា សូមចុចទីនេះ

លោកអភិបាលស្រុក បន្តរៀបរាប់ថា៖ ប្រជាពលដ្ឋម្ចាស់ស្រែមកពីភូមិអូរទទឹង និងភូមិថ្នល់ទទឹងទាំង៤០ហិកតានេះ បានស្ម័គ្រចិត្តប្រគល់ដីស្រែរបស់ខ្លួនរយៈពេល៧ខែ ជូនដល់គម្រោងស្រែសង្គមដើម្បីផលិតជាស្រូវអង្ករទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ និងអ្នកងាយរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីមេរោគកូវីដ១៩។ ជាការតបស្នង គ្រួសារនីមួយៗត្រូវទទួលបានស្រូវ ក្នុងសមាមាត្រ៤០០គីឡូក្នុងមួយហិកតា ទៅតាមទំហំដីជាក់ស្តែង ដែលជាបរិមាណមួយប្រហាក់ប្រហែល រឺលើសពីអ្វីដែលពួកគាត់តែងតែនៅសល់ក្រោយពីទូទាត់ចំណាយរួចប្រសិនបើធ្វើដោយខ្លួនឯង។ 

សម្រាប់គ្រួសារទាំង៨៨នេះ ការចូលរួមប្រវាស់ដីស្រែជាមួយនឹងគម្រោងស្រែសង្គម ធ្វើឱ្យពួកគាត់សល់ពេលដើម្បីរកប្រាក់ចំណូលបន្ថែមដោយមិនបាត់បង់ផលប្រយោជន័ដែលធ្លាប់ទទួលបាន ហើយថែមទាំងបានធ្វើបុណ្យដោយប្រយោលដល់អ្នកក្រខ្សត់ទៀតផង។ យោងតាមកិច្ចសន្យា រដ្ឋបាលស្រុកអាចមានសិទ្ធិប្រើប្រាស់ដីស្រែទាំង៤០ហិកតានេះ សម្រាប់ធ្វើស្រូវស្រាលជុំទី២បន្តទៀត ប៉ុន្តែដោយមានការទទូចស្នើសុំការយោគយល់ពីម្ចាស់ស្រែមួយចំនួន ដើម្បីយកដីស្រែទៅធ្វើចម្ការនិងស្រូវស្រាលផ្គត់ផ្គង់ជីវភាពមុនកាលកំណត់ រដ្ឋបាលស្រុកបានសម្រេចប្រគល់ដីស្រែជូនទៅដល់ម្ចាស់ទាំងអស់វិញមុនកិច្ចសន្យា។

ជាមួយនឹងទិន្នផលស្រូវប្រមាណ១០០តោននៃគម្រោងស្រែសង្គម ក្រោយពីសម្ងួតនិងទូទាត់ជាអាទិភាពជូនម្ចាស់ស្រែនីមួយៗរួចរាល់ហើយ ស្រូវដែលនៅសេសសល់ទាំងអស់នឹងត្រូវបានយកទៅចែកជូនជាបន្តបន្ទាប់នៅតាមឃុំនីមួយៗជូនប្រជាពលរដ្ឋទីទ័លក្រ និងជនងាយរងផលប៉ះពាល់ដូចជាចាស់ជរា និងជនពិកាផងដែរ។ 

ឆ្លៀតឱកាសនេះ រដ្ឋបាលស្រុកក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់លោក អុឹង គឹមសាន ដែលបានផ្តល់ម៉ាសុីនច្រូតស្រូវដោយឥតគិតថ្លៃដល់គម្រោង និងយុវជនស្ម័គ្រចិត្ត សសយក ដែលបានចូលរួមជាកំលាំងជួយបាច់ជី និងច្រូតស្រូវក្នុងពេលកន្លងមក៕