សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ប្រិយ​មិត្ត​​​​ប្រាកដ​ជា​ធ្លាប់​ស្គាល់​ខ្លះ​មក​ហើយ​​អំពី​កីឡាករ​​បាល់​ទាត់​អន្តរ​ជាតិ​​ល្បី​ៗដូច​ជា​​​​កីឡាករ​​​​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo កីឡាករ​​​​ជម្រើស​ជាតិ​អាហ្សង់​ទីន​​​ Lionel Messi ជា​ដើម​ដែល​​ខ្សែ​ជីវិត​របស់​ពួក​គេ​សុទ្ធ​សឹង​តែ​​ឆ្លង​កាត់​រឿង​រ៉ាវ​​ប្រវត្តិ​តស៊ូ​ជា​ច្រើន​រហូត​បាន​​ក្លាយ​​ជា​កីឡាករ​ឆ្នើម​លំដាប់​ពិភព​លោក​​​មក​ទល់​សព្វ​ថ្ងៃ​នេះ​។

ដោយ​​ឡែក​សម្រាប់​ពេល​នេះ ក្រមា​ប៉ុស្ត៍​​ក៏​សូម​នាំ​អារម្មណ៍​ប្រិយ​មិត្ត​ទៅ​​ដឹង​ពី​រឿង​រ៉ាវ​​ខ្លះ​ៗរបស់​កីឡាករ​ជម្រើស​ជាតិ​មួយ​រូប​របស់​ប្រទេស​អង់គ្លេសគឺ​កីឡាករ​ Jamie Vardy ដែល​ប្រិយមិត្ត​វិស័យ​បាល់​ទាត់​ខ្លះ​ប្រាកដ​ជា​ស្គាល់​។ ចង់​ដឹង​ថាកីឡាករ​ធ្លាប់​មាន​​​ជីវិត​ជា​​​បុគ្គលិក​​​រោង​ចក្រ​រូប​នេះ ​ដែល​ស្រលាញ់​កីឡា​បាល់​ទាត់​​​ហើយ​​បន្ត​ជំនាញ​​​​មួយ​នេះ​សម្រាប់​ជា​​អាជីព​​ និង​​បាន​ក្លាយ​ជា​​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេសបាន​ឆ្លង​កាត់​អ្វី​ខ្លះ សូម​ប្រិយមិត្ត​រីក​រាយ​អាន​ទាំ​ងអស់​គ្នា​៖ 

Image

ផ្តើម​ចេញ​ពី​យុវជន​ស្រលាញ់​ចូល​ចិត្ត​បាល់​ទាត់

ផ្តើម​ចេញ​ពី​យុវជន​​អង់គ្លេស​​វ័យ​១៦​ឆ្នាំ​ម្នាក់ដែល​​ធ្លាប់​លេង​បាល់​ទាត់​យុវជន​​​​​​​នៅ​​ក្លឹប​​កីឡា​បាល់​ទាត់​ Sheffield Wednesday រួច​បន្ត​ប្រលូក​ក្នុង​វិស័យ​​កីឡា​នេះនៅ​ក្នុង​ក្លឹប​ Stocksbridge Park Steels ​​ក្លឹប​ Halifax Town និង​ក្លឹប ​Fleetwood Town ​នៅ​អង់គ្លេស​ដែល​ជា​​ក្លឹប​កីឡា​៤​ដំបូង​​សម្រាប់​ជីវិត​បាល់​ទាត់​នៅ​មុន​ពេល​រូប​គេ​បាន​ឈាន​​​​ចូល​ទៅ​កាន់​ក្លឹប​ធំ​ដែល​ស្ថិត​ក្នុង​លំដា​ប់​ក្របខ័ណ្ឌ​បាល់​ទាត់​កំពូល​របស់​ប្រទេស​​អង់គ្លេស ​គឺ​Premier League ​សព្វ​ថ្ងៃ​នេះ​។

បើ​ទោះ​បី​ជា​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​ប្រកួត​បាល់​ទាត់​​​​លេង​ក្នុង​ក្រប​ខ័ណ្ឌ​ខាង​ក្រោម​ក្រប​ខ័ណ្ឌ​កំពូល​ក៏​ដោយ សមត្ថភាព​របស់​ Jamie Vardyពុំ​​​ទាន់​ត្រូវ​បាន​​អ្នក​គាំ​ទ្រ​បាល់​ទាត់​ជា​ច្រើន​នាក់​ស្គាល់​គេ​​នៅ​ឡើយដែល​កាល​នោះ​ក្នុង​ឆ្នាំ​២០១១ រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ក្រុម​គូ​ប្រកួត​​បាន​៣១​គ្រាប់ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​លើក ​លេង​ឱ្យ​ក្រុម​ Fleetwood Town។​​​​

Image

អភិវឌ្ឍ​ខ្លួន​​ឈាន​ជើង​ចូល​ក្នុង​ក្លឹប​បាល់​ទាត់​ធំ​​

ទោះ​ជា​យ៉ាង​ណាដោយ​​សារ​ការ​ស្រលាញ់​​វិស័យ​បាល់​ទាត់បើ​ទោះ​ជា​ពេល​នោះ​ យុវជន Vardy ត្រូវ​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង​ជា​បុគ្គលិក​រោង​ចក្រ​​​ផលិត​​​សម្ភារៈ​បិរក្ខារ​ពេទ្យ​​​ ដើម្បី​ជីវភាព​ក៏​ដោយនៅ​ឆ្នាំ​២០១២ កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​ទី​ក្រុង​ Sheffield ប្រទេស​អង់គ្លេស​រូប​នេះក៏​​បាន​ចុះ​កុង​ត្រា​​លេង​ឱ្យ​ក្លឹប​បាល់​ទាត់ Leicester Cityដែល​កាល​នោះ​ក្លឹប​បាល់​ទាត់​នេះពុំ​ទាន់​​ឡើង​ទៅ​ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​ Premier League នៅ​ឡើយ​ទេពោល​គឺ​ស្ថិត​​នៅ​លំដាប់​ក្របខ័ណ្ឌ​ក្រោម​​ក្របខ័ណ្ឌ​កំពូល​ដដែល​​។ 

Image

ជួយ​ក្លឹប​​​​ឡើង​​ទៅ​​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ​កំពូល

Jamie Vardy ចាប់​​លេង​ឱ្យ​ក្លឹប​ Leicester Cityចាប់​ពី​រដូវ​កាល​​ឆ្នាំ​២០១២​-២០១៣ដោយ​ជួយ​ក្រុម​​ឈ្នះ​ក្នុង​ការ​ប្រកួតហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​នៅ​រដូវ​កាល​២០១៣​-២០១៤​ដែល​ Vardyបា​ន​ស៊ុត​ឱ្យ​ក្រុម​បាន​១៦​គ្រាប់ដែល​ធ្វើ​ឱ្យ​ក្រុម​ Leicester City ស្ថិត​​នៅ​​កំពូល​តារាង​ប្រកួត​ក្រប​ខ័ណ្ឌ​ដែល​នាំ​ឱ្យ​ក្រុម​​​បាន​គ្រប់​លក្ខខណ្ឌ​មាន​ឈ្មោះ​ទៅ​កាន់​​ការ​​ប្រកួត​ក្រប​ខ័ណ្ឌ​កំពូល​អង់គ្លេស​។អ្វី​ដែល​មិន​នឹក​ស្មាន​​គឺ​នៅ​រដូវ​កាល​​​ឆ្នាំ​២០១៥​-២០១៦គឺ​ Vardyរួម​ទាំង​មិត្ត​រួម​អាជីព​ក្នុង​ក្រុមបាន​ទទួល​ជ័យ​ជម្នះ​លើ​ការ​ប្រកួត​ជា​មួយ​ក្លិប​បាល់​​ទាត់​​កម្រិត​ខ្លាំង​ៗ។ 

Image

អ្វី​ដែល​កត់​សម្គាល់​នោះ​គឺ២៤​គ្រាប់​របស់​ Vardyបាន​ជួយ​​​រុញ​​ឱ្យ​ពិន្ទុ​​Leicester Cityទៅ​កាន់​​កំពូល​តារាង​​នៃ​ក្រប​ខ័ណ្ឌ​កំពូល​។ដោយ​សារ​ពិន្ទុ​​នៅ​តែ​ខ្ពស់​ដាច់​គេទោះ​មាន​ការ​ប្រកួត​ជា​បន្ត​បន្ទាប់​ក៏​ដោយ​នោះពាន​រង្វាន់​​ក្រប​ខ័ណ្ឌ​កំពូល​​បាន​​ប្រគល់​ដល់​ក្លឹប​Leicester Cityក្នុង​នាម​ជា​អ្នក​ឈ្នះដែល​ជា​លើក​ទី​១​ក្នុង​ប្រវត្តិ​សាស្រ្ត​១៣២​ឆ្នាំ​របស់​ក្លឹប​​​និង​បាន​ធ្វើ​ឱ្យ​ពិភព​​អ្នក​គាំ​ទ្រ​បាល់​ទាត់​ភ្ញាក់​​ផ្អើល​ជា​ប្រវត្តិ​សាស្រ្ត​នឹង​អំណរ​សាទរ​ចំពោះ​ជ័យ​ជម្នះ​​របស់​ក្លឹបដែល​បាន​វិវឌ្ឍ​ខ្លួន​​ឡើង​រហូត​ដល់​​បាន​កាន់​ពាន​រង្វាន់​កំពូល​នេះ។ សម្រាប់​ការ​​​ស្ថិត​ក្នុង​ដំណែង​ពាន​រង្វាន់​នេះ​ដែរគឺ​​បាន​ឱកាស​នាំ​ឱ្យ​ក្លឹប​ទៅ​​កាន់​​ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​ខ្លាំង​​ក្នុង​កម្រិត​តំបន់​មួយ​ទៀត​គឺពាន​រង្វាន់​ក្រប​ខ័ណ្ឌ​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League។ 

Image

ជ័យ​ជម្នះ​ពី​ការ​​ខិត​ខំ​ប្រឹង​ប្រែង​រហូត​​ត្រូវ​កោះ​ហៅ​ក្នុង​បញ្ជី​ប្រកួត​តំណាង​ឱ្យ​ប្រទេស​ជាតិ

នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ​កីឡាករ​ Jamie Vardy ត្រូវ​បាន​កោះ​ហៅ​មាន​ឈ្មោះ​ក្នុង​បញ្ជី​លេង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​។ ពេល​នោះ​​ Vardy​បាន​ប្រកួត​តំណាង​ឱ្យ​ជាតិ​(ប្រទេស​អង់គ្លេស)ទាំង​ប្រកួត​មិត្ត​ភាពប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៦ UEFA Euro 2016 និង​​​បាន​ជាប់​ក្នុង​បញ្ជី​ជម្រើស​ជាតិ​​អង់គ្លេសសម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​​បាល់​ទាត់​ពិភព​លោក​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ(2018 FIFA World Cup)។

Image

Jamie Vardy បាន​ស៊ុត​​​គ្រាប់​ទី​មួយក្នុង​នាម​តំណាង​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៦​ ខែ​មីនា២០១៦ទល់​នឹង​ជម្រើស​​ជាតិ​អាល្លឺម៉ង់​ដោយ​លទ្ធ​ផល​អង់គ្លេស​៣-២​អាល្លឺម៉ង់(អង់គ្លេស​យក​ឈ្នះ​អាល្លឺម៉ង់​៣​ទល់​នឹង​២​គ្រាប់​) នៅ​លើ​ទឹក​ដី​កីឡដ្ឋាន​ Olympiastadion Berlin ទីក្រុង​ Berlin ប្រទេស​អាល្លឺម៉ង់​៕

Image

ប្រភព​៖ LCFC, BBC