សម្តេចតេជោ ហ៊ុន សែន បញ្ជាអោយក្រសួងសុខាភិបាលត្រៀមរៀបចំកន្លែងពិនិត្យសុខភាព និងត្រៀមបម្រុងសម្ភារៈគ្រប់គ្រាន់ជូនពលករមកពីប្រទេសថៃដែលត្រូវដាក់អោយនៅដាច់ដោយឡែក១៤ថ្ងៃ

នៅថ្ងៃទី ៤ មេសា ម្សិលមិញ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញបញ្ជាណែនាំបន្ថែមក្នុងការដោះស្រាយជូនបងប្អូនកូនក្មួយពលករដែលបានវិលត្រឡប់មកពីប្រទេសថៃកន្លងមកចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះនឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើនទៅដល់៦ម៉ឺននាក់។

ក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ សម្តេចតេជោ បានណែនាំទៅក្រសួងសុខាភិបាល “ត្រូវតាមដានត្រួតពិនិត្យនៅតាមទល់ដែនអោយបានហ្មត់ចត់ ហើយក្នុងនោះត្រូវត្រៀមរៀបចំបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរៀបចំទីកន្លែងពិនិត្យសុខភាពអោយបានល្អដល់ពលករ។

ក្រសួងសុខាភិបាលត្រូវធ្វើជាម្ចាស់ការលើការងារនេះ ហើយសហការជាមួយក្រុមការងារនៅតាមព្រំដែនទាំងអស់។ ទន្ទឹមនឹងនេះ គឺត្រូវត្រៀមទិញមុង, ភួយ, កន្ទេល, ខ្នើយ, ក្រមា សម្រាប់ប្រគល់ជូនបងប្អូនកូនក្មួយពលករដែលត្រូវដាក់អោយស្នាក់នៅដាច់ដោយឡែកបណ្តោះអាសន្នចំនួន១៤ថ្ងៃ ដូចជានៅតាមសាលារៀន តាមសហគម ឬនៅតាមលំនៅដ្ឋានជាមួយក្រុមគ្រួសារជាដើម” ។