រាជធានីភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត (One Window Service Unit Management Information System) ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជ័យលាភីពានរង្វាន់សេវារដ្ឋបាលអេឡិចត្រូនិកល្អបំផុតប្រចាំឆ្នាំ បន្ទាប់ពីបានវាយតម្លៃជ្រើសរើសដោយគណៈចៅក្រមនៃកម្មវិធី Cambodia ICT Awards 2020 កាលពីថ្ងៃ ៦ សីហា ឆ្នាំ ២០២០។

ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត នេះ បានផ្តួចផ្តើម និងរៀបចំបង្កើតឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនិងបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅរាជធានី ខេត្តចំនួន៩ រួចហើយ។

ប្រព័ន្ធគ្រប់គ្រងទិន្នន័យនេះ(One Window Service Unit Management Information System) គឺជាប្រព័ន្ធមួយដ៏មានសារ:សំខាន់សម្រាប់គ្រប់គ្រង​និងតាមដានអំពីប្រតិបត្តិការនៃការផ្តល់សេវារដ្ឋបាលតាមបែបព័ត៌មានវិទ្យាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ប្រជាពលរដ្ឋអាចតាមដានប្រតិបត្តិការនៃការស្នើសុំសេវារបស់ពួកគាត់តាមរយៈកម្មវិធីទូរស័ព្ទដៃ ដែលអាចអោយគាត់ដឹងថា តើពាក្យស្នើសុំរបស់គាត់បានដំណើរការដល់ជំហានមួយណាហេីយ​នៅសល់រយៈពេលប៉ុន្មានទៀតទើបរួចរាល់ ។

សូមបញ្ជាក់ថាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា Cambodia ICT Awards ឬហៅកាត់ថា CICTA (see-ta) គឺជាកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជាដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕