ខេត្តកំពត៖ ប្រធានសាលាដំបូងខេត្តកំពត ឯកឧត្តម លាង សំណាត់ ត្រូវបានប្រកាសតែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការ ក្រោមវត្តមានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ជាវ តាវ អភិបាលខេត្តកំពត រួមទាំងមន្ទីរអ្នកមុខអ្នកការជាច្រើនរូប នៅសាលប្រជុំសាលាដំបូងខេត្តកំពត នាថ្ងៃ២៨ឧសភានេះ។
ក្នុងពិធីតែងតាំងជាផ្លូវការនេះ ឯកឧត្តម ជាវ តាយ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារពាក់ព័ន្ធវិស័យយុត្តិធម៌ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាដំបូងខេត្តកំពត ដែលតែងតែបានយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងបានធ្វើឲ្យការផ្ដល់សេវាយុត្តិធម៌បម្រើជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពបានល្អប្រសើរ។
ដោយឡែកឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានក្រើនរំលឹកជាថ្មី ដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាដំបូងខេត្តទាំងពីរ ជាពិសេស ប្រធានសាលាដំបូងខេត្តកំពតថ្មី ត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចឲ្យបានល្អ ។ ហើយត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ និងគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាឱ្យការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋធ្វើឡើងបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ និងដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រមបន្ថែមទៀត។
សូមជម្រាបដែរថា ព្រះរាជក្រឹត្យ ត្រូវបានតែងតាំង ឯកឧត្តម លាង សំណាត់ ជាប្រធានសាលាដំបូងខេត្តកំពត ជំនួសឯកឧត្តម ឡុង កេសភីរម្យ ដែលត្រូវផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ៕