សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានឯកភាពគ្នានៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈការខិតខំអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរធ្លាប់បានឯកភាពគ្នានាពេលកន្លងមក។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យមន្រ្តីជំនាញពិនិត្យសិក្សាថា ត្រូវធ្វើការកែសម្រួលកិច្ចព្រមព្រៀមចាស់ ឬត្រូវបង្កើតកិច្ចព្រមព្រៀងថ្មីតែម្តង ដើម្បីឱ្យឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវបានលើកឡើងពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការគ្នាឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព លើគ្រប់វិស័យនេះ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាឡាវ ក្នុងឱកាសសម្តេចប្រធានរដ្ឋសភា បាននឹងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅក្នុងប្រទេសឡាវ។

ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានសន្យាថា នឹងខិតខំជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត រួមទំាងថ្នាក់បច្ចេកទេសនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរផងដែរ។ ប្រធានរដ្ឋសភាកម្ពុជានិងឡាវ ក៏បានសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិការអន្តរសភានានា ផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន បានគោរពស្នើសុំសម្តេចប្រធានរដ្ឋសភា ជួយជំរុញអ្នកវិនិយោគទុនកម្ពុជាឱ្យមកបណ្ដាក់ទុននៅក្នុងប្រទេសឡាវបានច្រើនឡើង និងបានសូមឱ្យរដ្ឋសភាកម្ពុជា បន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវ តាមរយៈក្រុមមិត្តភាពសភាប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកសំណើរបស់ឯកឧត្តមប្រធានរដ្ឋសភា និងបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃមហាសាល ដែលផ្តល់នូវឧត្តមប្រយោជន៍ឧត្តុង្គឧត្តមដល់ការអភិវឌ្ឍសង្គមជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង។ សម្តេចបានគូសបញ្ជាក់ថា សម្តេចពិតជាមានមោទកភាព ដោយបានសង្កេតឃើញពីការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ រហូតឈានទៅសម្រេចបាននូវការលើកកម្ពស់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ២០១៩ កន្លងទៅ។

សូមជម្រាបថា ឆ្លើយតបការគោរពអញ្ជើញរបស់សម្តេចប្រធានរដ្ឋសភា ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន នឹងដឹកនាំគណៈប្រតិភួជាន់ខ្ពស់រដ្ឋសភាឡាវមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជានាខែវិច្ឆិកាខាងមុខ និងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕