ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យមានភាពវិវឌ្ឍន៍រីកចម្រើន ឬធ្លាក់ចុះបែបណានោះគឺដោយសារតែកត្តាសន្ដិសុខ សុវត្ថិភាពនៅក្នុងសង្គម ប៉ុន្តែបច្ចុប្បន្ននេះ អ្វីដែលសំខាន់ គឺការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃវិបត្តិដែលកំពុងកើតមាន។ នេះបើតាមការលើកឡើងរបស់លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) ។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា CREA និងជាអនុប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននៅតែបន្តមានសកម្មភាព ទាំងការអភិវឌ្ឍ ទាំងការទិញ-លក់ ស្ទើរគ្រប់ផ្នែករាប់ទាំងដីធ្លី លំនៅឋាន ក៏ដូចជាខុនដូផងដែរ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “បើនិយាយពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ចាប់តាំងពីកើតមានវិបត្តិ កូវីដ១៩ រហូតមកដល់ពេលនេះមិនមែនថាមិនប៉ះពាល់នោះទេ គ្រាន់តែប៉ះពាល់តិចតួចបើធៀបទៅនឹងវិស័យទេសចរណ៍ និងឧស្សាហកម្ម ហើយទើបតែប្រមាណ៣ខែចុងក្រោយនេះហាក់មានកំណើនឡើងវិញបន្តិច។ ទើបតែចាប់ផ្តើមមានសកម្មភាព និងកម្រើកឡើងវិញបន្តិចដែលផ្តើមចេញពីអ្នកអភិវឌ្ឍន៍ក្នុងស្រុកជំនួសអ្នកវិនិយោគមកពីក្រៅស្រុកបានបន្តិច ឥឡូវមានព្រឹត្តិការណ៍៣វិច្ឆិកា ដែលរាជរដ្ឋាភិបាលកំពុងតែព្រួយបារម្ភ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួនសម្រាប់អនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងប្រទេស”។
ជាសំណួរចោទសួរថា តើស្ថានការណ៍ពេលនេះ ដែលកំពុងតែមានភាពប្រឈមទៅនឹងព្រឹត្តិការណ៍៣វិច្ឆិកា តើទីផ្សារអចលនទ្រព្យមានផលប៉ះពាល់ដូចម្ដេច?
លោក ឃាង ពុទ្ធី បានឆ្លើយយ៉ាងដូច្នេះថា ពេលនេះកុំទាន់និយាយពីទីផ្សារអចលនទ្រព្យ ឬតម្លៃដីធ្លីនៅតំបន់ណាមានភាពល្អប្រសើរ ប៉ុន្តែអ្វីដែលជារឿងចាំបាច់ដែលត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុតនោះគឺការចូលរួមអនុវត្តតាមវិធានការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា មិនចំពោះតែអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ មិនថាអ្នកជំនួញ ឬប្រជាជនទូទៅនោះទេ ត្រូវអនុវត្ត និងរក្សាអនាម័យទាំងអស់គ្នាដើម្បីទប់ស្កាត់ការរាលដាល។ ក្រោយពេលការទប់ស្កាត់ត្រូវបានធ្វើឡើងជោគជ័យ នោះទាំងតម្លៃដី ក៏ដូចជាអចលនទ្រព្យទូទៅនឹងមានភាពល្អប្រសើរជាមិនខាន៕