សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

០៩​ វិច្ឆិកា ២០២០​ ម្សិល​មិញ ជា​ទិវា​បុណ្យ​ឯករាជ្យ​​​ជាតិ​​​កម្ពុជា គម្រប់​ខួប​ទី​៦៧ (១៩៥៣-២០២០) ដែល​រំលឹក​ថ្ងៃ​ដែល​​ប្រទេស​កម្ពុជា ​​ទទួល​បាន​ឯករាជ្យ​​ពេញ​បរិបូរ​។ ក្នុង​ឱកាស​​ថ្ងៃ​ទិវា​ពិសេស​​របស់​កម្ពុជា​នោះ ​ក៏​មាន​ការ​​ចូល​រួម​អប​អរ​សាទរ​ ពី​សំណាក់​អន្តរជាតិ​​ជា​ច្រើន​ផង​ដែរ។

ដោយ​ឡែក យើង​​ក្រឡេក​ទៅ​មើល​ទិដ្ឋភាព​​​ភ្លើង​ពណ៌ ​រចនាអម​ដោយ​​ពាក្យ​អប​អរ​សាទរ​សម្រាប់​ថ្ងៃ​បុណ្យ​​ឯករាជ្យ​របស់​កម្ពុជា បាន​​បញ្ជាំង​នៅ​លើ​ប៉ម​អគារ​ Atakule Tower ក្នុង​រដ្ឋ​ធានី​ Ankara ប្រទេស​តួកគីដែល​​បង្កើត​បាន​ជា​ទស្សនីយភាព​ស្រស់​ស្អាត​ប្លែក ហើយ​​បាន​ទទួល​​​ការ​ចាប់​អារម្មណ៍​ច្រើន​ទាំង​​ពល​រដ្ឋ​ខ្មែរ និង​បរទេស។ រូប​ភាព​ទាំង​នេះ​ផ​ងដែរ បាន​ផ្សាយ​​ដោយ​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រចាំ​នៅ​​សាធារណរដ្ឋ​តួកគី ដែល​​បង្ហាញ​ពី​ចំណង​មិត្ត​ភាព​​រឹង​មាំ​រវាង​ប្រទេស​ទាំង​ពីរ។​​

គួរ​រំលឹក​ដែរ​ថានៅ​​កម្ពុជា ជា​រៀង​រាល់​ឆ្នាំ​គឺ​​តែង​​មាន​ការ​ចូល​រួម​​ប្រារព្ធ​ពិធី​​បុណ្យ​ឯករាជ្យ​ជាតិ​​ពី​សំណាក់​ប្រមុខ​រដ្ឋ​បណ្តា​មន្ត្រី​រាជ​ការ និង​ពលរដ្ឋ​កម្ពុជា។ ការ​​ប្រារព្ធ​ពិធី​បុណ្យ​គឺ​ដើម្បី​រំលឹក​ដល់​​​​​​វិញ្ញាណក្ខន្ធ​​បុព្វបុរស​ដែល​បាន​​បូជាដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​កម្ពុជារួម​ទាំង​ស្នាដៃ​​សំខាន់​នានា ដែល​នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​ឯក​រាជ្យ​ពី​​​ប្រទេស​អាណានិគម៕​​​​​​​