ក្រុងវៀងចន្ទន៍៖ ក្រសួងធនធានធម្មជាតិ និងបរិស្ថានឡាវ បានគូសបញ្ជាក់ពីវិធានការថ្មីទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដែលមានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឲ្យនៅត្រឹមសូន្យ ត្រឹមឆ្នាំ 2050។

ប្រទេសឡាវ ជាប្រទេសដែលងាយប្រឈមនឹងគ្រោះថ្នាក់ទាក់ទងនឹងអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ការរអិលបាក់ដី និងទឹកជំនន់រីករាលដាល ខណៈដែលការកើនឡើងនៃជំងឺត្រូពិច ដែលផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរគំរូអាកាសធាតុ។

យោងតាមការចុះផ្សាយ របស់សារព័ត៌មានឡាវកាលពីសប្ដាហ៍មុន អនុរដ្ឋមន្ត្រី នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក ភូវង់ (Phouvong Luangxaysana) បានមានប្រសាសន៍ថា វាមិនអាចទៅរួចទេ នៃការមិនបញ្ចេញ CO2 ទៅក្នុងបរិយាកាស តែយ៉ាងណាក៏ដោយ ក្រសួងក៏បានគ្រោងនឹងបង្កើនផ្ទៃដីបៃតងដល់ ៧០ភាគរយនៃផ្ទៃដីរបស់ប្រទេស ដើម្បីឲ្យមានដើមឈើកាន់តែច្រើនឡើង ស្រូបយកកាបូនឌីអុកស៊ីត បញ្ចេញដោយឧស្សាហកម្ម និងដំណើរការផ្សេងទៀត។

របាយការណ៍ដែលចេញដោយក្រសួង ក្នុងការគាំទ្រការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយ បញ្ជាក់ពីគោលដៅ យុទ្ធសាស្រ្ដ និងវិធានការនៃកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យ ត្រឹមឆ្នាំ 2050។

របាយការណ៍នេះ បានបញ្ជាក់ដែរថា ក្នុងប្រទេសឡាវ មានព្រឹត្តិការណ៍គ្រោះធម្មជាតិចំនួន 33 លើក ដែលភាគច្រើនជាទឹកជំនន់ និងគ្រោះរាំងស្ងួតត្រូវបានកត់ត្រាពីឆ្នាំ 1970 ដល់ឆ្នាំ 2010 ។ ព្រឹត្តិការណ៍​ទាំងនេះ ​បាន​ប៉ះពាល់​ដល់​មនុស្ស​ជិត​៩​លាន​នាក់ និង​បង្ក​ការខូចខាត​សេដ្ឋកិច្ច​ជាង ​៤០០​លាន​ដុល្លារ​៕