ខេត្តសៀមរាប៖ កំឡុងពេលធ្វើកំណាយស្រាវជ្រាវនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ បានរកឃើញបំណែករូបទេវតាទាញព្រ័ត្រដែលរំលំធ្លាក់ពីស្ពានហាលចូលក្នុងកសិន្ធុផ្នែកខាងជើងនិងបានកប់ក្នុងដីអស់រយៈពេលរាប់រយឆ្នាំកន្លងមក។ បំណែករូបទាំងអស់ត្រូវចុះបញ្ជី គូរ និងថតរូប មុននឹងលើកយកចេញពីក្នុងរណ្តៅកំណាយមកលាងសម្អាត ជួសជុល ទៅដាក់នៅលើស្ពានហាល ត្រៀមបន្តទៅដាក់នៅតាមទីកន្លែងដើមវិញ។

អ្នកស្រី ទឹម ធីតា បុរាណវិទូ នៃនាយកដ្ឋានអភិរក្សក្នុងប្រាសាទឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បាននិយាយថា ដំណាក់កាលកំណាយស្រទាប់ដីចាក់បង្គរប្រវែង៦០ម៉ែត្រ ទទឹង៦ម៉ែត្រ និងជម្រៅប្រមាណជា១០សង់ទីម៉ែត្រ បានប្រទះឃើញបំណែកផ្សេងៗ រួមមាន បំណែកដងខ្លួនរូបទេវតាទាញព្រ័ត្រ បំណែកប្រអប់ដៃ-ជើង និងព្រះសិរទេវតាចំនួន៨។ ព្រះសិរចំនួន៦ ត្រូវបានយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលបេតិភណ្ឌដើម្បីរក្សាសុវត្ថិភាព រីឯព្រះសិរចំនួន២ផ្សេងទៀតមានព្រះសិរ១បែកពាក់កណ្តាលជា២បំណែក ហើយព្រះសិរ១ទៀតមានសភាពសឹករេចរឹល និងផុយស្រួយខ្លាំងដែលតម្រូវឱ្យរងចាំរហូតដល់សាច់ថ្មរឹងមាំល្អមុននឹងអាចផ្លាស់ទីព្រះសិរនេះទៅកន្លែងជួសជុល។

អ្នកស្រី ធីតា បន្ថែមថា ការរកឃើញបំណែកបដិមាទាំងអស់នេះ ផ្តល់ជាប្រយោជន៍យ៉ាងសំខាន់សម្រាប់ការជួសជុលចម្លាក់ទាញព្រ័ត្រនៅស្ពានហាលខ្លោងទ្វារតាកាវបានគ្រប់គ្រាន់ដូចដើមឡើងវិញ។ អ្នកស្រី បញ្ជាក់ថា មកដល់ពេលនេះ ការងារកំណាយបានរកឃើញបំណែកចម្លាក់ទេវតាបានប្រមាណជា៣០ភាគរយ ហើយបំណែកចម្លាក់មួយផ្នែកធំទៀតបានដួលរលំនៅលើតួស្ពានហាល។

អ្នកជំនាញរូបនេះ បន្តឱ្យដឹងថា ការធ្វើកំណាយនៅដំណាក់ដំបូងមិនទាន់ដល់ស្រទាប់ដីដើមក្នុងសម័យសាងសង់ស្ពានហាលនៅឡើយ។ បន្ទាប់ពីបញ្ចប់កំណាយស្រទាប់ទី១ អាជ្ញាធរជាតិអប្សរានឹងបន្តធ្វើកំណាយស្រាវជ្រាវស្រទាប់ទី២ នឹងបន្តដល់ស្រទាប់ដីធម្មជាតិ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធនៃស្ពានហាល ដើម្បីឱ្យវិស្វករ ស្ថាបត្យករ រៀបចំពង្រឹងស្ពាននេះឡើងវិញ។ សូមបញ្ជាក់ថា ការធ្វើកំណាយស្រាវជ្រាវនេះបានចាប់ផ្ដើមតាំងពីដើមខែឧសភា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

រូបភាព៖ លោក យី សុថា