រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ៧ សីហា ២០២២ នេះ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហោះសារក្នុងបណ្ដាញសង្គមដើម្បីធ្វើការវះកាត់បញ្ចប់ ករណីឈូសឆាយ​ព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅ ដោយរក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស។ ខាងក្រោមនេះជាសារទាំងស្រុងរបស់ សម្ដេចតេជោ ហ៊ុន សែន៖ 

"បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើនមករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅមិនមានប៉ះពាល់ក៏ដោយ។ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖

១.លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឱយធ្វើការដោះដូរនិងអភិវឌ្ឍ។

២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។

៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលបានចូលរួមផ្តល់យោបល់ប្រកបដោយការស្ថាបនា"។