ជាការពិតណាស់ នៅពេលចង់លក់ផ្ទះម្តងៗ អ្នកលក់មួយចំនួនហាក់បីដូចជាមិនសូវមានការគិតគូរឲ្យបានវែងឆ្ងាយ ក្នុងការរៀបចំកែលម្អ និងការរចនាបន្ថែមដើម្បីទាក់ទាញអតិថិជន និងលក់បានក្នុងតម្លៃថ្លៃនោះឡើយ ដោយហេតុថា មិនចង់ចំណាយបន្ថែម។ មុនពេលលក់ផ្ទះ ម្ចាស់ផ្ទះត្រូវគិតគូរលើការរៀបចំ និងការរចនាគេហដ្ឋានរបស់អ្នកឡើងវិញ ដើម្បីទាក់ភ្នែកអតិថិជន លក់ឆាប់ដាច់ និងលក់បានថ្លៃ។ 

លោកអ្នកត្រូវយល់ច្បាស់ថា ការរៀបចំផ្ទះ មានឥទ្ធិពលទៅលើការមើលឃើញ ការយល់ឃើញ និងអារម្មណ៍របស់អ្នកទិញក្នុងការគិតស្រមៃឃើញពីផ្ទះ ដែលពួកគេចង់រស់នៅក្នុងពេលអនាគត។ លើសពីនោះទៅទៀត ការរៀបចំតុបតែងផ្ទះចាស់ឲ្យបានស្រស់ស្អាតមុនពេលដាក់លក់ចេញជាសាធារណៈ ក៏អាចនឹងជួយឲ្យគេហដ្ឋាន របស់អ្នកមានតម្លៃខ្ពស់ជាងទីផ្សារថែមមួយកម្រិតទៀតផង ដូច្នេះសូមសិក្សាស្វែងយល់បន្ថែមនៅចំនុចខាងក្រោម ដើម្បីលក់បានផ្ទះថ្លៃ៖

១. ការទាក់ទាញចំណាប់អារម្មណ៍ដំបូង

ពេលដំបូងដែលអ្នកទិញនឹងឃើញនិងទាក់ទាញចិត្ត គឺនៅពេលពួកគេដើរចូលផ្ទះរបស់អ្នក ដូច្នេះអ្នកមិនគួររំលងការរៀបចំឲ្យមានភាពទាក់ទាញចំណាប់អារម្មណ៍អ្នកទិញ នាពេលដំបូងពេលដើរចូល។ អ្នកគួរសម្អាតទីតាំងផ្លូវចូល លាបថ្នាំពណ៌ សម្អាត និងរៀបចំដើមឈើជាដើម ដើម្បីលម្អមានលក្ខណៈធម្មជាតិស្រស់ស្រាយ និងអាចទាក់ចំណាប់អារម្មណ៍អ្នកទិញ។

២. ការរៀបចំគ្រឿងសង្ហារឹម

ការរៀបចំសម្ភារៈ គ្រឿងសង្ហារឹមធ្វើឲ្យមានភាពងាយស្រួលក្នុងការដើរ និងអាចឲ្យស្រមៃអំពីការរៀបចំបន្ទប់របស់ពួកគេ។ អ្នកគួរដករៀបចំគ្រឿងសម្ភារៈដែលធំពេក សម្ភារៈខូចខាត និងគួរដកគ្រឿងផ្សេងៗដែលមិនទាក់ទងនិងបន្ទប់របស់អ្នក។ ដូច្នេះអ្នកគួរគិតគូរដោយមិនត្រូវមើលរំលងការរៀបចំគ្រឿងសង្ហារឹមក្នុងផ្ទះរបស់អ្នកនោះឡើយ។

៣. ការសម្អាត

អ្នកចង់ឲ្យទីកន្លែងរបស់អ្នកមានភាពភ្លឺស្អាត រាប់ចាប់តាំងពីពិដានជញ្ជាំង និងកន្លៀតផ្សេងៗទៀត ហើយអ្នកមិនត្រូវភ្លេចទីកន្លែង និងសម្ភារៈផ្សេងៗដូចជាទូទឹកកក បង្អួចទ្វារ ដែលមានជាប់ដី។ ដូច្នេះការសម្អាតឲ្យបានស្អាតមានភាពទាក់ទាញអ្នកទិញ ពីព្រោះគ្មាននរណាម្នាក់ចង់ទិញផ្ទះដែលមានភាពកខ្វក់និងមិនស្អាតនោះឡើយ។

៤. ជួសជុល

ចំនាយបន្តិចលើការជួសជុល គឺនឹងបង្កើនបានតម្លៃបន្ថែមខ្ពស់ដល់ការលក់ផ្ទះ។ អ្នកមិនត្រូវមើលរំលងការជួសជុលបន្តិចបន្តួចដូចជាប្រហោងស្នាមកូត និងការបែកបាក់ជាដើម។ អ្នកត្រូវរៀបចំជួសជុលឲ្យបានស្អាត និងជាពិសេសកន្លែងណាដែលគួរលាបថ្នាំពណ៌បន្ថែមបាន អ្នកគួរគិតគូរ កែច្នៃឲ្យស្អាត។ អ្នកត្រូវចាំថា ការជួសជុល កែលម្អពិតជាទាក់ចិត្តអតិថិជនមិនឲ្យតម្លៃបាន លក់ឆាប់ដាច់ ផ្ទះរបស់អ្នកមានតម្លៃបន្ថែម។

៥. ដកសម្ភារៈចេញឲ្យមានទីកន្លែងធំទូលាយ

របស់របរមួយចំនួនធ្វើឲ្យបំពេញទីតាំងរបស់អ្នក ដែលធ្វើឲ្យមានភាពរញ៉ៃរញៃនិងមើលទៅមានរូបរាងតូច។ វត្ថុទាំងនោះមានដូចជាសម្លៀកបំពាក់ ការរចនាមួយចំនួនផ្ទាំងក្រដាសផ្សេងៗ និងរបស់របរទាំងឡាយណាដែលមិនជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកទិញអាចនឹងបើកមើលទូទីតាំងផ្សេងៗ ដូច្នេះត្រូវដកចេញសម្ភារៈផ្សេងៗដែលបង្កភាពរញៃរញៃ និងមើលទៅមិនទាក់ចិត្តអ្នកទិញចេញ៕