រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យមានការយកចិត្តទុកដាក់លើការរៀបចំកំណែទម្រង់ច្បាប់ គោលនយោបាយ និងការបង្កើននូវចំនួនអាសនៈ ដែលអាចផ្ដល់ឱកាសដល់បងប្អូនឥស្លាម ក្លាយជាអភិបាលរងខេត្ត ស្រុក ក្រុង ខណ្ឌ សម្រាប់បណ្ដាខេត្ត ដែលមានបងប្អូនឥស្លាមរស់នៅច្រើន ដើម្បីជាផ្នែកមួយនៃសុខដុមនីយកម្ម ក្នុងចំណោម​ជាតិ​សាន៍ខ្មែរ។

ការថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិដៅការងារ​ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រសាសន៍សម្ដេចតេជោ៖ ខ្ញុំស្នើឱ្យ​បណ្ដាខេត្តដែលមានបងប្អូនឥស្លាមរស់នៅ យកចិត្តទុកដាក់រៀបចំ ដើម្បីឱ្យមានហោច​ណាស់អភិបាលរងមួយនាក់ជាជនជាតិឥស្លាម នៅក្នុងខេត្តដែលមានប្រជាជនច្រើន ហើយ​បើ​អាចធ្វើទៅបាន បើមានសមត្ថភាពថែមទៀតនោះ គឺធ្វើអភិបាលស្រុក ឬខណ្ឌ ដែលមានបងប្អូនឥស្លាមច្រើន។ 

សម្ដេចតេជោ បន្ថែមថា៖ យើងធ្វើបែបនេះគឺងាយស្រួល ឧទាហរណ៍ថា បញ្ហាកើតឡើងក្នុងតំបន់ឥស្លាមរស់នៅ អ្នកដែលធ្វើការងារសម្របសម្រួលនៅ​ទីនោះគឺ​ឥស្លាមនោះឯង ដែលចាំបាច់ត្រូវចេញមុខមុនគេធ្វើការដោះស្រាយអំពីបញ្ហានេះ។

សម្ដេចតេជោថ្លែងបន្ដថា នេះមិនមែនជាកូតាទេ តែជា​បញ្ហាទាក់ទិនជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសម្រួលដល់ការធ្វើ​ការងារ។ សម្ដេចតេជោ ក៏បានជម្រុញចំពោះនិស្សិត ក៏ដូចជាមន្ត្រី ដែលជាជនជាតិឥស្លាម​ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព រីឯការសម្រេចតែងតាំង គឺមិនត្រូវចេះតែដាក់ឲ្យពេញកៅអីនោះទេ ដោយត្រូវពិនិត្យពីសមត្ថភាពពិតប្រាកដ។

សូមជម្រាបជូនដែរថា កន្លងមករាជរដ្ឋាភិបាល បានណែនាំឲ្យមានការតែងតាំងផ្សេងៗ នៅតាមបណ្ដាខេត្តដែលមានជនជាតិភាគតិចច្រើន ដូចជានៅរតនគិរី កោះកុងជាដើម ដោយឡែកក្នុងជួររាជរដ្ឋាភិបាល ក៏មានការតែងតាំងបងប្អូនខ្មែរឥស្លាម ជាថ្នាក់ដឹកនាំ ជាទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាច្រើនផងដែរ៕