រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យរថយន្តគេចពន្ធដែលនៅសេសសល់ជាង ៥០០០គ្រឿងទៀត ចេញមកបង់ពន្ធ ថែមទាំងបានព្រមានពីការដុតកម្ទេចចោល ដូចដែលបានធ្វើកន្លងមកកាលពីឆ្នាំ ១៩៩៩។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នាសណ្ឋាគារសុខា ភ្នំពេញ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលមិនទាន់ចូលបង់ពន្ធប្រហែលជា៥ពាន់គ្រឿងរថយន្តទៀត សូមចេញមកបង់ពន្ធ។ ប្រយ័ត្នតែដល់ពេលថ្ងៃណាមួយ ខ្ញុំបញ្ជាឲ្យដុតឡានចោលតែម្តង កុំឲ្យពិបាកពេក 

រថយន្តគេចពន្ធទាំងចង្កួតស្តាំ និងឆ្វេងចូល ដែលបានចូលមកបង់ពន្ធ មានចំនួន៥៩៩៣គ្រឿង ដែលទទួលបានចំណូលចំនួន ៥១.៦លានដុល្លារអាមេរិក ហើយតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រថយន្តអត់ពន្ធប្រមាណជាង៥ពាន់គ្រឿងទៀត ដែមិនទាន់មកបង់ពន្ធ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមអនុវត្តន៍ការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្តល់ការអនុគ្រោះពន្ធ១០ភាគរយ សម្រាប់ម្ចាស់យានយន្តដែលមកបង់ពន្ធត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ 

សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាន ត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកំទេចចោល៕