សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ធ្លាប់​ឬ​ទេ ចំណុច​តូច​ៗ​ខ្លះអាច​រា​​រាំង​អ្នក​មិន​ឱ្យ​ទៅ​មុខ​ ឬ​សម្រេច​ចិត្ត​ធ្វើ​កិច្ច​ការ​​ណា​មួយ​ឱ្យ​បាន​ដំណើរ​ការ ​ឬ​មិន​ឱ្យ​ជីវិត​ដំណើរ​ទៅ​មុខ​សោះ​​? ចំណុច​​ទាំង​នោះគឺ​លោក​ស្រី Kerry Thomas ជា​អ្នក​ជំនាញ​ប្រឹក្សា​ផ្នែក​​ការ​រៀប​ចំ​ជីវិត ជា​​គ្រូ​ណែ​នាំ​ដល់​អ្នក​ដឹក​នាំ​​អង្គភាព​ស្ថាប័ន​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​​ចំណង​ជើងLess Clutter​ បាន​លើក​ឡើង​នូវ​បញ្ហា​តូច​ៗ​​ខាង​ក្រោម៖

​​​​.កិច្ច​ការ​តូច​ៗ​​ចំពោះ​មុខ​

ការងារ​តូច​ៗ​ខ្លះយើង​អាច​មើល​រំលង​ឬ​មួយ​ពន្យារ​ពេល​​ទុករហូត​ដល់​ពេល​មួយ​យើង​ពុំ​មាន​អារម្មណ៍​ធ្វើ​វា​។ ជា​ឧទាហរណ៍​ខ្លះ​ដូច​ជាការ​​រៀប​ចំ​សម្អាត​បន្ទប់​ឱ្យ​មាន​សណ្តាប់​ធ្នាប់ការ​រៀប​ចំ​សួន​បន្លែ​បង្ការ​​នៅ​ក្បែរ​ផ្ទះ​ជា​ដើម-ល-។ដូច​នេះ​ដំណោះ​ស្រាយ ​គឺការ​ចាប់​ផ្តើម​សម្រេច​​ធ្វើ​ការងារ​នោះ​តែ​ម្តងនៅ​ពេល​ណា​ដែល​អ្នក​គិត​ថា​សម​គួរក៏​ចាប់​ផ្តើម​ធ្វើ​វា​តែ​ម្តង។​

.កិច្ច​ការ​​​ក្នុង​សម័យ​ប្រព័ន្ធ​ឌីជីថល​នេះ​​

ពិត​មែន​ហើយ​​​​ការងារ​​តូច​ៗ​ទាំង​នេះពេល​ខ្លះ​អាច​ជា​បញ្ហា​ទៅ​វិញបើ​យើង​បណ្តោយ​វា​​​គរ​ច្រើន​។ចំណុច​នេះ លោក​ស្រី​ចង់​សម្តៅ​ទៅ​លើ​សារ​ អ៊ីម៉ែល​ ឬ​កិច្ច​ការ​​ទំនាក់​ទំនង​​​ក្នុង​ក្រុម​ជា​ដើមក្នុង​យុគសម័យ​បច្ចេក​វិទ្យា​​។ ប្រសិន​បើ​កិច្ច​ការ​នោះ​​ខ្លះ​​តម្រូវ​ឱ្យ​​​ដោះ​ស្រាយ ឬ​ឆ្លើយ​តប​បាន​​​អ្នក​ក៏​គួរ​គប្បី​​​ដោះ​ស្រាយ​ភ្លាម​ៗជា​ជាង​​រំលង​ទុក​យូរ​ដែល​អាច​ជា​បន្ទុក​ទៅ​ថ្ងៃ​ក្រោយ​។ សម្រេច​ចិត្ត​​ដោយ​ការ​គិត​តាម​វិធី​ល្អ​ៗ​​របស់​អ្នករួច​ដោះ​ស្រាយ​វាដែល​អ្នក​នឹង​មាន​ពេល​សម្រាប់​បន្ត​កិច្ច​ការ​ផ្សេង​ៗ​ទៀត​ក្នុង​ជីវិត​។

.របាំង​តាម​ការ​គិត​​

ឧបសគ្គ​តូច​ៗ​ខ្លះក៏​កើត​ចេញ​ពី​ការ​គិត​របស់​អ្នក​ឧទាហរណ៍​រឿង​ខ្លះ​​ដែល​ការ​ពិត​អ្នក​អាច​ធ្វើ​បានតែ​​ការ​គិត​ជា​ភាព​ភ័យ​ខ្លាច​មិន​អាច​ធ្វើ​បានក៏​ធ្វើ​ឱ្យ​អ្នក​មិន​សម្រេច​កិច្ច​ការ​បាន​ផង​ដែរ​។ សាក​ល្បង​ធ្វើ​នូវ​រឿង​ ឬ​កិច្ច​ការ​ត្រឹម​ត្រូវ​ទាំង​នោះ​សិនប្រសិន​បើ​អ្នក​រិះ​រក​​អស់​លទ្ធភាព​​ហើយ​មិន​អាច​ធ្វើ​បានអ្នក​ក៏​អាច​ទៅ​បំពេញ​ការងារ​ផ្សេង​ៗ​ទៀត​ដែល​អ្នក​​នៅ​​តែ​​​នឹង​​អាច​ធ្វើ​បាន​។

Image

.​ការ​​​ភ័យ​ព្រួយ​ទៅ​តាម​អារម្មណ៍​

ចំណុច​នេះ​ប្រហាក់​ប្រហែល​ទៅ​នឹង​ចំណុច​ទី​៣​ដែរ ដែល​មាន​ន័​យ​ថាអារម្មណ៍​បាន​​រា​រាំង​អ្នក​មិន​ឱ្យ​​ធ្វើ​ការ​​ទៅ​មុខទាំង​ដែល​ការ​ពិត​អ្នក​អាច​ធ្វើ​បាន​។ វា​អាច​ជា​ឧទាហរណ៍​ដូច​ជាឆ្នាំ​នេះ​ខ្ញុំ​មិន​​សម្រក​ទម្ងន់​ដូច​ការ​គ្រោង​ទុក ឬ​ឆ្នាំ​នេះ​​អាជីវកម្ម​ខ្ញុំ​មិន​ដំណើរ​ការ​...។ ដរាប​ណា អ្នក​មិន​ទាន់​រក​វិធី​ជម្នះ​អស់អ្នក​ក៏​មិន​គួរ​ទោរ​ទន់​ទៅ​តាម​អារម្មណ៍​ភ័យ​ខ្លាច​​នោះ​ដែរ​។

.​ភ្លេច​ការ​​យោគ​យល់​សម្រាប់​ខ្លួន​ឯង

​​ត្រង់​ចំណុច​នេះលោក​ស្រី​ក៏​បាន​សម្តៅ​ទៅ​លើ​គ្នា​យើង​ខ្លះ​ដែល​ច្រើន​ជា​អ្នក​​ពិបាក​អត់​ទោស​​ឱ្យ​ខ្លួន​ឯង ពោល​គឺ​នៅ​ពេល​ដែល​បាន​ធ្វើ​អ្វី​មួយ​ខុសច្រើន​បន្ទោស​ខ្លួន​ឯង​​ក្នុង​រយៈ​ពេល​ណា​មួយ​យូរ​ ហើយ​មិន​ជ្រើស​យក​ដំណើរ​ ឬ​វិធី​ផ្សេង​ទៅ​មុខ​ទៀត​។ លោក​ស្រី​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ផ្តល់​សុខ​សន្តិភាព​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង រៀន​អត់​អោននិង​ផ្តល់​​ឱកាស​ដល់​ខ្លួន​ឯង​​សម្រាប់​កិច្ច​ការ​ថ្មី ឬ​ជម្រើស​ថ្មី​ដែល​ធ្វើ​ឱ្យ​ជីវិត​អ្នក​បាន​ប្រសើរ​ជាង​មុន​ជា​ជាង​ការ​កើត​ទុក្ខ​ព្រួយ​។

ជា​ចុង​ក្រោយ​លោក​ស្រី​​​​ Kerry​ ជា​អ្នក​ជំនាញ​ប្រឹក្សា​ផ្នែក​​ការ​រៀប​ចំ​ជីវិត​រូប​នេះ​ ក៏​បាន​​​គាំ​ទ្រ​លើក​ទឹក​ចិត្ត​​អ្នក​គ្រប់​គ្នា​ឱ្យ​ចេះ​រៀន​​ប្រឈម​ និង​​យក​បញ្ហា​មក​​ដោះ​ស្រាយ។ ម្យ៉ាង​ទៀត ក្នុង​ពេល​ត្រូវ​ការ​ជំនួយក៏​គួរ​​ស្នើ​សុំ​យោបល់​ពី​មិត្តភក្តិ​ល្អ​ៗអ្នក​ជិត​ស្និទ្ធិ​អ្នក ហើយ​​ត្រូវ​ចេះ​សម្រេច​ចិត្ត​និង​ធ្វើ​សកម្មភាព​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះសម្រាប់​ដំណើរ​ជីវិត​៕ ​​​​