សាលារាជធានីភ្នំពេញ បានរៀបចំផែនការ ដាក់ធុងសំរាមប្រមាណជា ១៦០០ធុង និងមានអ្នកសម្អាតទាំងយប់ ក្នុងពិធីបុណ្យអ៊ុំទូក និងមានការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផងដែរ។

ភ្នំពេញ៖ ក្រោយពីធីបុណ្យអ៊ុំទូកថ្ងៃទី១ ត្រូវបាន បញ្ចប់ គេសង្កេតឃើញថាសំរាមនៅតែមានដដែរ។ ហើយត្រូវបានអ្នកមកដើរលេងបុណ្យអ៊ុំទូកបោះចោល គ្រប់ទីកន្លែង ទោះបីជា សាលារាជធានីភ្នំពេញ បានដាក់ធុងសំរាមប្រមាណជាង ១៦០០ធុង ក៏ដោយ។ ក្នុងនោះក្រុមអ្នកសំអាតបានចាប់ផ្តើម សំអាតចាប់ពីម៉ោង ១២យប់ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះទេ ទើប បានបញ្ចប់វិញ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរបស់សាលារាជ ធានីភ្នំពេញ បានមានប្រសាសន៍អោយបានដឹង ថា ចំពោះបញ្ហាបរិស្ថាន នឹងអនាម័យ ក្នុងពិធី បុណ្យអ៊ុំទូក ខាងមុននេះ សាលារាជធានីភ្នំពេញ បានរៀបចំផែនការរួចជាស្រេចហើយ។ ក្នុងនោះ មានកាឆេសំរាមចំនួន ១០០០ ធុងសំរាមចំនួន ៦០០ធុង នឹងរៀបចំចែកថង់សំរាម ប្រមាណ ១០០គីឡូក្រាមក្នុង ១ថ្ងៃទៅអ្នកលក់ដូរ ក្នុងឪកាសនោះ។ ចំពោះបន្ទប់ទឹក ត្រូវបានដាក់ ពង្រាយប្រមានជិត ៥០០បន្ទប់ផងដែរ។

លើសពីទៅទៀតនឹងមានអ្នកចូលរួមប្រមាណ ១០០០នាក់ ដែលនឹងមកពីស្ថាប័ននានា ទាំងរដ្ឋ នឹងឯកជន ដើម្បីចូលធ្វើការការ​អប់រំ​ផ្សព្វផ្សាយ ​ប្រមូល​កើប​សំរាម ដឹកជញ្ជូន​ទៅ​ទីលាន ​ទាំងយប់​ទាំង​ថ្ងៃ ​ដើម្បី​ធានា​បាន​ថា បរិស្ថាន​ក្នុង​កំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នូវ​រក្សា​ភាព​ស្អាត​ជានិច្ច​៕