សហរដ្ឋអាមេរិក៖  ទ្រព្យសម្បត្តិរបស់លោក Elon Musk កើនជិត១៤ពាន់លានដុល្លារ​ ត្រឹមតែ១សប្ដាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន Tesla របស់លោក ត្រូវបានគេយល់ព្រមអោយចូលក្នុងបញ្ជីផ្សារហ៊ុនរបស់ S&P 500។

មិនត្រឹមតែលោកទទួលបានជោគជ័យលើក្រុមហ៊ុន SpaceX ដោយបានបញ្ជូនអវកាសយានិកចំនួន ៤រូប របស់អង្គការណាសា ដោយជោគជ័យទៅស្ថានីយ៍អវកាសអន្តរជាតិ ក្នុងបេសកកម្មប្រតិបត្តិការលើកដំបូង កាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែដំណឹងដែលប្រកាសពីក្រុមហ៊ុន S&P Global បានកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Tesla នឹងត្រូវបានបញ្ចូលទៅក្នុងសន្ទស្សន៍ S&P 500 ត្រឹមថ្ងៃទី ២១ ខែធ្នូ។

ដំណឹងនេះ ធ្វើឲ្យភាគហ៊ុន Tesla បានកើនឡើងយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ ដោយបានកើនឡើងជិត ២០% ខណៈពេលដែល S&P 500 និង Dow Jones Industrial ធ្លាក់ចុះ ០,៨% និង ០,៧% រៀងៗខ្លួន។ គិតត្រឹមថ្ងៃសុក្រទីផ្សារបិទ Musk មានទ្រព្យសម្បត្តិសុទ្ធចំនួន ១០៤,៥ ពាន់លានដុល្លារ កើនឡើង ១៣,៧ ពាន់លានដុល្លារពីមួយសប្តាហ៍មុន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Forbes ៕