រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបលោកស្រី Maryam Salim ដោយលោកស្រីទទួលបានការតែងតាំងពីធនាគារពិភពលោក ជានាយិកាគ្រប់គ្រងថ្មីនៃការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ជំនួសលោកស្រី Inguna Dobraja ដែលត្រូវផ្លាស់ទៅបម្រើការនៅសាធារណរដ្ឋ Moldova នាព្រឹកទី ៨កញ្ញានេះ។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យធនាគារពិភពលោក សហការលើការងារ ពាក់ព័ន្ធនឹងយានជំនិះដើរដោយថាមពលអគ្គិសនី(EV)ដើម្បីបរិស្ថានស្អាតនៅខេត្តសៀមរាប ជាពិសេស តំបន់អង្គរ នៅពេលកម្ពុជាបើកទេសចរណ៍ឡើងវិញក្រោយពីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ បាន ធូរស្រាល។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារពិភពលោកពិនិត្យលទ្ធភាពលើការរៀបចំកម្មវិធី ដើម្បីដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបច្ចុប្បន្នបានបណ្តាលឱ្យមនុស្សពី៤ទៅ៥នាក់ស្លាប់ និងរងរបួសពី១០ទៅ១៥នាក់ជារៀងរាល់ថ្ងៃនៅលើដងផ្លូវ និងបញ្ហាគំនូសចរាចរណ៍ និងសញ្ញាចរាចរណ៍គ្រប់ផ្លូវទាំងអស់នៅកម្ពុជា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបតាមដែលអាចធ្វើទៅបាន។

ការកសាងសមត្ថភាព ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញពីបំណងចង់សហការជាមួយធនាគារពិភពលោកលើ ការស្វែងរកសាស្រ្តាចារ្យ និងអ្នកជំនាញល្អៗបន្ថែមទៀត ដែលអាចផ្តល់ការបង្រៀនដោយផ្ទាល់ ឬតាមអន ឡាញដល់និស្សិតរបស់វិទ្យាស្ថាន។

ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យលោកស្រីនាយិកា ពិនិត្យលទ្ធភាពក្នុងការជួយបំពាក់ប្រព័ន្ធគ្រប់គ្រងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយស្វ័យប្រវត្តិ ឬហៅថា AI Camera and Weigh-in Motion Sensor Centralized Database Solution System នៅតាមទីតាំងផ្លូវជាតិសំខាន់ៗ ។

ជាការឆ្លើយតប លោកស្រីនាយិកា បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែល ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង និងបានគូស បញ្ជាក់ថា៖ ក្រុមការងារនឹងធ្វើការពិនិត្យពិចារណា និងសម្របសម្រលចំពោះសំណើទាំងនោះ។

លោកស្រីនាយិកាសង្ឃឹមជឿជាក់ថា៖ ការបំពេញតួនាទីរបស់លោកស្រីក្នុងអាណត្តិរយៈពេល ៤ឆ្នាំនៅកម្ពុជានេះ នឹងបន្តភាពជាដៃគូរឹងមាំថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕