រាជធានីភ្នំពេញ៖  ក្នុងកិច្ចប្រជុំ កំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ ពីវិមានសន្តិភាព នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈទានចំនួន ៣ចំនុចសំខាន់ៗ ដែលមានដូចខាងក្រោម៖

ទី១. ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មី នៅក្នុងអនុតំបន់របស់យើង គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាន នូវ ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មី នៃកំណើនសម្រាប់អនុតំបន់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និង ពង្រឹងការធ្វើសមាហរណកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ នៃអនុតំបន់របស់យើង ចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង រយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែង នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហប្រធាន។

ទី២. អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងសានយ៉ា សម្តេចជឿជាក់ថានេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយ ដើម្បីធានា នូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្តែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក កម្ពុជាបានទទួលគម្រោងចំនួន៥៥ ដែលគ្របដណ្ដប់លើសកម្មភាព សហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើងទាំងអស់គ្នា។

ទី៣. ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ យើងត្រូវបង្ហាញពីសាមគ្គីភាព និង ការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះ ដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេសគឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍៕