Image
ចំណុចខ្លះៗបង្ហាញពីទស្សនៈនៃការដឹកនាំ ត្រូវបានចែករំលែកដោយលោក ពឹង គិមឆេន ដែលជាគ្រូឧទ្ទេសនៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី “ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”។ ចំណុចទាំងនោះជាគំនិតដែលបង្ហាញពីសក្តានុពល និងតម្លៃរបស់អ្នកដឹកនាំ ថាតើមានអ្វីខ្លះ?ក្រមាសូមសង្ខេបបង្ហាញដូចខាងក្រោមនេះ៖

. ត្រូវធ្វើជាអ្នកគ្រងឱ្យគ្រប់

ចំណុចនេះ លោកគ្រូគិមឆេន បានសម្តៅទៅលើអ្នកដឹកនាំដែលជាអ្នកគ្រប់គ្រងគេ គឺត្រូវចេះលៃលកគ្រប់គ្រងឱ្យបានគ្រប់ជ្រុងជ្រោយនៃបុគ្គលិកក្រោមបង្គាប់។ ចេះយល់ពីដំណើរការ និងស្ថានការណ៍សព្វគ្រប់នៃស្ថាប័នឬអង្គភាពអាជីវកម្ម ដែលលោកបានប្រើពាក្យ ធ្វើជាអ្នកដឹកនាំ គឺចេះគ្រងឱ្យគ្រប់។

. ត្រូវធ្វើជាម្លប់ដ៏ត្រជាក់

ម្លប់ដ៏ត្រជាក់ ក្នុងន័យនេះគឺសម្តៅទៅដល់មេដឹកនាំដែលយល់ដឹងពីបុគ្គលជាកូនចៅដែលត្រូវសន្តោស អាចសន្តោសបាន និងគួរសន្តោស។ ការចេះអធ្យាស្រ័យយោគយល់ប្រកបដោយហេតុផល ជាតម្លៃពិសេសមួយរបស់អ្នកដឹកនាំ។

.ត្រូវធ្វើជាអ្នកទំនាក់ទំនងល្អ

ប្រាកដណាស់ ជាអ្នកដឹកនាំរមែងមានកិច្ចប្រាស្រ័យ ទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ សូម្បីកូនចៅក្រោមឱវាទចំពោះមេដឹកនាំដែលមានទំនាក់ទំនងល្អ តែងទទួលបានការគោរព និងឱ្យតម្លៃ ជាពិសេសវាក៏មានផលល្អក្នុងកិច្ចការដឹកនាំរបស់ពួកគេផងដែរ។

. ត្រូវធ្វើជាគន្លងចែករំលែកដ៏ប្រសើរ

មេដឹកនាំដែលចេះប្រើធនធានមនុស្ស គឺចេះចែករំលែកមិនថាគំនិតឬចំណេះដឹងទៅដល់បុគ្គលិកដែលមានតាមជំនាញផ្សេងរៀងខ្លួន អាចទទួលបាននូវទុនគំនិតបន្ថែម។ដែលនេះគឺក្នុងទិសដៅឱ្យពួកគេចេះស្វ័យម្ចាស់ការទៅលើកិច្ចការជាទំនួលខុសត្រូវរបស់ខ្លួននិងជាការបង្កើនប្រសិទ្ធិភាពការងារផងដែរតាមរយៈការចែករំលែក និងបណ្តុះបណ្តាលនោះ។

ប្រិយមិត្តអាចស្វែងរកអានមេរៀនស្តីពីភាពជាអ្នកដឹកនាំនាអត្ថបទជាច្រើនបន្តបន្ទាប់ទៀតនៅក្រមាប៉ុស្ត៍..

ចុចអាន៖  សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

. ត្រូវធ្វើជាផ្នែកសមធម៌ដែលប្រពៃ

ចំណុចនេះ ដែលបង្ហាញពីការទទួលបានភាពស្មើគ្នាក្រោមការដឹកនាំរបស់មេ។ ដែលគេអាចសម្គាល់ឃើញថា មេដឹកនាំដែលមិនលម្អៀង ផ្តល់នូវយុត្តិធម៌ទៅដល់អ្នកក្រោមឱវាទហើយក្នុងនោះការចូលរួមចំណែកដោយមិនប្រកាន់ខ្លួនក្នុងឋានៈជាអ្នកដឹកនាំជាតុល្យភាពស្ថាប័ន ឬអង្គភាពអាជីវកម្ម គឺផ្នែកសំខាន់ដែលមិនអាចខ្វះបានដើម្បីដំណើរការប្រសិទ្ធិភាពរបស់ស្ថាប័ននោះ។

. ត្រូវធ្វើជាបុគ្គលដែលមានន័យនិងគំរូ

ចំណុចនេះដែរ គឺជាតម្លៃរបស់មេដឹកនាំ គឺជាសក្តានុពលសំខាន់របស់ពួកគេ។មេដឹកនាំដែលចេះបង្កើតស្នាដៃល្អៗ គឹបង្ហាញឱ្យឃើញពីសមត្ថភាព ចំណេះដឹងអនុវត្តពិតលេចជារូបរាង ដែលនេះជាគំរូដល់កូនចៅ ហើយនឹងក្លាយជាបុគ្គលដែលគួរគោរពរបស់ពួកគេ។

. ត្រូវចេះគិតគូរបង្កើតគំនិតថ្មី

ចំណុចនេះដែលក្នុងនាមជាមេដឹកនាំមួយរូបក៏មិនគួរមើលរំលងផងដែរ គឺការចេះបង្កើតនូវគំនិតថ្មីៗ សម្រាប់ការអភិវឌ្ឍបង្កើនដល់ប្រសិទ្ធិភាពនៃកិច្ចការដើម្បីឈានដល់លទ្ធផលគាប់ប្រសើរនោះ។ ដែលនេះគឺតម្រូវឱ្យមេដឹកនាំយើងចេះ​ស្វះស្វែងស្រាវជ្រាវ ស្វ័យសិក្សាពីគំនិតថ្មីៗ ដើម្បីថ្លឹងថ្លែង បង្កើតជាផែនការនិងអនុវត្តវាឡើង៕