រាជធានីភ្នំពេញ៖ កម្មវិធីស្វ័យសិក្សា MoEYS E-Learning ក្រោយពីដាក់ប្រើប្រាស់ជាជាសាធារណៈ បាន ៥ខែ ទទួលបានអ្នកចុះឈ្មោះរហូតដល់ ២៤០០០០នាក់ អ្នកប្រើប្រាស់មាន ២០០០០០០នាក់ ក្នុងមួយថ្ងៃមានចំនួន ៧០០០នាក់។ នេះបើយោងតាមសន្និសីទសារព័ត៌មាន ដែលធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី ២៣ កញ្ញានេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ។ កម្មវិធីនេះ បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា គ្រប់ពេលវេលា និងទីកន្លែងដែលសមប្រកប ។ 

សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានកម្រងសៀវភៅ និងឯកសារសិក្សា លំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត ។ 

ទោះបីជាក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្ដើមបើកដំណើរការសាលារៀនឡើងវិញ និងឱ្យរៀនជាបណ្ដុះក៏ដោយ ក៏នៅតែបន្តការប្រើប្រាស់ដើម្បីលើកកម្ពស់ការអនុវត្តការសិក្សា តាមបែបចម្រុះ និងអនុវត្តវិធីសាស្រ្តបង្រៀនថ្មី​ដើម្បីសិស្សចេះស្រាវជ្រាវខ្លួនឯង និងធ្វើស្វ័យសិក្សាដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់បំណិនសតវត្សទី២១៕