ភ្នំពេញ ៖ តំបន់ផ្លូវជាតិលេខ៦ បច្ចុប្បន្ននៅតែជាទីតាំងដែលប្រមូលផ្តុំទៅដោយសំណង់លំនៅដ្ឋានបែបទំនើប និងមានតម្លៃថ្លៃចាប់ពីជាង១០ម៉ឺន រហូតដល់ជាង១លានដុល្លារ ដែលស្ថិតនៅក្នុងគម្រោងបុរីធំជាច្រើន។ 

  • សូមទាញយកកម្មវិធី Krama Post ទូរសព្ទដៃ Android សូមចុច https://bit.ly/2QiVDk8 
  • សម្រាប់ទូរសព្ទដៃ Apple (iOS) សូមចុច https://apple.co/33dkMTr 

ចាប់តាំងពីតំបន់គល់ស្ពានជ្រោយចង្វារ ឆ្ពោះទៅទិសខាងជើងស្របតាមបណ្តោយផ្លូវជាតិលេខ៦ A មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានធំៗជាច្រើន ដែលកំពុងបង្ហាញរូបរាងជាបន្តបន្ទាប់ ដូចជាគម្រោងទីក្រុងរណប និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ក្រុមហ៊ុន OCIC គម្រោងរបស់ក្រុមហ៊ុនលី យ៉ុងផាត់ គម្រោងសំណង់បុរីលំនៅដ្ឋានបែបទំនើប និងប្រណីតជាច្រើន ក្រោមទុនវិនិយោគរាប់សិបពាន់លានដុល្លារ។

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍឥតឈប់ឈរ នៅក្នុងវិស័យសំណង់លំនៅដ្ឋានទាំងនេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  Khmer Foundation Appraisal បានបង្ហាញពីក្ដីសាទរជាមួយនឹងសកម្មភាពរីកចម្រើនទាំងអស់នេះ ដោយលោកបានមានប្រសាសន៍ថា វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលប្រទេសជាតិមានភាពរីកចម្រើន និងអភិវឌ្ឍន៍ ជាពិសេសតំបន់ក្រុងភ្នំពេញមានការកើនឡើងនូវ ចំនួនអគារធំៗ ដូចជាសំណង់ខុនដូ អាផាតមិនជាដើម នោះតំបន់ដែលស្ថិតនៅជាប់ក្រុង គឺត្រូវតែមានតម្រូវការខ្ពស់។

ជាក់ស្ដែង ដូចជាតំបន់ជ្រោយចង្វារជាដើម ដែលពីមុនមានភាពទូលាយល្ហល្ហេវ ប៉ុន្តែបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់ដ៏មានសក្ដានុពល ជាពិសេសលើផ្នែកសំណង់លំនៅដ្ឋានតែម្ដង ដែលជំរុញឱ្យតម្លៃដីមានការកើនឡើងខ្ពស់ ។

លោកឧកញ៉ាបញ្ជាក់ថា “កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារ មានកម្រិតទាបនៅឡើយ ពោលគឺប្រមាណ ១០០០ ទៅ១៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែឥឡូវបានកើនឡើងខ្ពស់រហូតដល់ ២៥០០ ទៅដល់ ៣៥០០ដុល្លារក្នុងមួយម៉ែត្រ ហើយទីតាំងខ្លះអាចមានតម្លៃថ្លៃជាងនេះ ”។ 

លោកបន្ត ទៀតថា “ប្រសិនបើបរិយាកាសសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ មិនយូរទៀតនោះទេវានឹងក្លាយជាតំបន់ពិសេស អំណោយផលលើវិស័យលំនៅដ្ឋាន  ក៏ដូចជាមណ្ឌលពាណិជ្ជកម្មផ្សេងៗ ដែលកើតមានអគារធំៗ និងខ្ពស់ៗមិនក្រោម១៥ -២០ ជាន់នោះទេ”។

បច្ចុប្បន្ននេះ វត្តមាននៃគម្រោងបុរីលំនៅដ្ឋានបែបទំនើបជាច្រើន កំពុងតែបង្ហាញខ្លួននៅតំបន់ខាងលើនេះ ដែលកាន់តែបង្ហាញពីសក្ដានុពលនៃតំបន់កាន់ខ្លាំង  និងទាក់ទាញបំផុត ដូចជាសំណង់បុរីសុភមង្គល បុរី The Mekong Royal , បុរី ហេង ហ៊ាង ស៊ីធី   បុរី ប៉េង ហួត, បុរី New Town បុរី អរគីដេវីឡា , បុរី រុងរឿង បុរី  The Flora, បុរីមង្គលភ្នំពេញ បុរី ភ្នំពេញផាក បុរី ដឹមេគង្គរ៉ូយ៉ាល់ បុរីហាយលែន និងបុរី វិមានភ្នំពេញជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះតំបន់ខាងលើបានក្លាយជាតំបន់មុំត្រីកោណ ស័ក្ដិសមទៅនឹងការអភិវឌ្ឍជាទីក្រុងរណប ដោយសារតែវាមានកត្តាភូមិសាស្ត្រល្អ និងអំណោយផលពីធម្មជាតិ ដែលព័ទ្ធជុំវិញទៅទន្លេមេគង្គ និងទន្លេសាប ។

លោកបានបន្តទៀតថា “ក្រៅពីមានភាពអំណោយផលពីធម្មជាតិ សមស្របទៅនឹងលំនៅដ្ឋានរស់នៅ ថែមទាំងមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន ដែល រាជរដ្ឋាភិបាលក៏ដូចជាវិស័យឯកជនបានអភិវឌ្ឍន៍ ជាពិសេសផ្លូវជាតិលេខ៦Aតែម្ដង ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូន”៕