ភ្នំពេញ៖ ជាមួយនឹងកំណើនប្រជាសាស្ត្រនៅពេលបច្ចុប្បន្ននេះ បានធ្វើអោយតម្រូវការលំនៅដ្ឋានមានការកើនឡើងដែលយ៉ាងហោចណាស់ប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ។ ដូច្នេះកំណើននៃចំនួនលំនៅដ្ឋានដូចដែលបានឃើញនៅពេលបច្ចុប្បន្ន នៅមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការបាននោះទេ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍បុរីកៀនស្វាយផាក បានមានប្រសាសន៍ថា លំនៅដ្ឋានគឺជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សទូទៅ ហើយកំណើននៃការអភិវឌ្ឍ សាងសង់លំនៅដ្ឋាននាពេលនេះក៏នៅមិនទាន់គ្រប់គ្រាន់ទៅនឹងតម្រូវនៅឡើយ។
លោកឧកញ៉ាបានមានប្រសាសន៍ថា “យើងឃើថា ការសាងសង់លំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ គឺមានកំណើនច្រើន ប៉ុន្តែឆ្លើយតបទៅនឹងសំណួរសួរថា តើកំណើននៃការសាងសង់នៅពេលនេះច្រើនលើសតម្រូវការទីផ្សារហើយ ឬនៅ ខ្ញុំថានៅទេ ហើយតម្រូវការនៅមានច្រើនលើសពីនេះទៀត។ និយាយតែតំបន់ក្រុង ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនប្រជាសាស្ត្រកើនឡើងជាបន្តបន្ទាប់ ជាក់ស្ដែងពេលនេះប្រជាជនរស់នៅរាជធានីភ្នំពេញមានមិនក្រោម៣លាននាក់នោះទេ ដែលជម្រុញឱ្យមានតម្រូវការលំនៅដ្ឋានសម្រាប់ស្នាក់នៅ”។
ជាមួយគ្នានេះ លោកឧកញ៉ាបានមានប្រសាសន៍អោយដឹងថា កំណើននៃការសាងសង់លំនៅដ្ឋានរាប់ទាំងបុរី និងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរី គឺកើតមាននៅតាមតំបន់ជាយក្រុងជាច្រើន ជាពិសេសនៅតំបន់ផ្លូវជាតិលេខ១ លេខ៦ លេខ៣ លេខ៤ គឺមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន។ ការអភិវឌ្ឍទាំងនេះនឹងនៅតែបន្តកើនឡើងបន្ថែមទៀតរហូតដល់ប្រមាណ៥ទៅ១០ឆ្នាំខាងមុខទៀត៕