រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាជាក្រកម្ពុជា ដាក់បទបញ្ជាឱ្យរថយន្តកម្លាំងប្រដាប់អាវុធទាំងអស់ ដែលដឹកជញ្ជូនពលករចេញពីព្រំដែនកម្ពុជា-ថៃ និងមណ្ឌលចត្តាឡីស័ក ត្រូវមានសណ្ដាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងគោរពតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងសារជាសំឡេងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ជូនឯកឧត្ដម និងលោកជំទាវ ជាអភិបាលខេត្តតាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាបណ្ដាខេត្តដែលនៅក្នុងផ្ទៃប្រទេស និងស្ថាប័នដែលមានការពាក់ព័ន្ធ សម្ដេចតេជោបានបញ្ជាឱ្យអគ្គបញ្ជាការ ក៏ដូចជាបញ្ជាការជើងគោក និងក្រសួងការពារជាតិ បញ្ចេញរថយន្តដើម្បីទៅដឹកបងប្អូនទៅកាន់គោលដៅតាមខេត្ត។ 

សម្តេចតេជោបន្តថា អគ្គស្នងការនគរបាលជាតិ បើអាចធ្វើទៅបាន ក៏ត្រូវរួមចំណែកប្រើប្រាស់នៅកម្លាំង ដើម្បីជួយដឹកជញ្ជូនក្នុងមួយរយៈពេលខ្លី ព្រោះថាចំនួនមនុស្សនេះ នៅពេលដែលចប់ប្រតិបត្តិការ នៃការដឹកជញ្ជូននៅតាមមណ្ឌលចត្តាឡីស័ក យើងត្រូវដកកម្លាំងធំចេញ ហើយត្រៀមមួយចំនួនតូចសម្រាប់ការដឹកពួកគាត់បន្តទៀត។

សម្ដេចតេជោលើកឡើងថា នៅក្នុងការធ្វើដំណើររបស់ពួកគាត់ ត្រូវតែធានាឱ្យបានថា ពួកគាត់បានទទួលទានអាហាររួចហើយ និងផ្គត់ផ្គង់ស្បៀងអាហារបន្ថែម ដូចជា មី និងទឹកសុទ្ធ ឬអ្វីផ្សេងទៀត ដើម្បីឱ្យពួកគាត់ធ្វើដំណើរមានអាហារតាមខ្លួន។ 

ជុំវិញការដឹកជញ្ជូនពលករពីព្រំដែននេះដែរ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា «យើងមិនបោះបង់ចោលការធ្វើចត្តាឡីស័កនោះទេ ក៏ប៉ុន្តែយើងប្រែពីការធ្វើចត្តាឡីស័កនៅតាមព្រំដែនទាំងអស់ ដែលទ្រង់ទ្រាយធំ មកធ្វើចត្តាឡីស័កនៅតាមភូមិ ឃុំ ស្រុក ខេត្តរបស់ពួកគាត់នៅខាងក្រោយវិញ ហើយនឹងបន្តធ្វើចត្តាឡីស័កសម្រាប់អ្នកដែលចូលមកដល់មានអាការៈមិនប្រក្រតី ត្រូវធ្វើចត្តាឡីស័កនៅតាមព្រំដែន»។