ជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស(IFL)លោក ឈឹម ពុធសាលន់ បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែក «អប់រំសង្គមវិទ្យា» នៅឯសាកលវិទ្យាល័យ Uppsala ក្នុងប្រទេសស៊ុយអែត។

លោក ឈឹម ពុធសាលន់ បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនេះ តាមរយៈកម្មវិធី(Erasmus Mundus Action 2 ក្នុងគម្រោង Lotus+) ហើយនេះមិនមែនជាលែកទីមួយនោះទេដែលលោកបានទទួលអាហាររូបករណ៍ទៅសិក្សានៅប្រទេស ស៊ុយអែត។ ស្របពេលដែលលោក កំពុងរៀនឆ្នាំទី៤ នៅឯវិទ្យាស្ថានភាសាបរទេស ផ្នែកអប់រំភាសាអង់គ្លេស កាលពីឆ្នាំ២០១៤ លោកក៏ធ្លាប់បានទទួលអាហារូបករណ៍ទៅធ្វើការផ្លាស់ប្តូរការសិក្សាររយៈពេល៦ខែម្តងរូចមកហើយ តាមរយៈកម្មវិធីErasmus Mundus Action 2 ដដែល ប៉ុន្តែក្នុងគម្រោង LotusIII។

លោកបានរៀបរាប់ថា ការសិក្សានៅក្រៅប្រទេសបានធ្វើឱ្យលោក ដឹងថាការរៀនដោយខ្លួនឯងពិតជាសំខាន់ណាស់។ លោកឱ្យដឹងទៀតថា ការសិក្សានៅទៅនោះ គឺលោកត្រូវទៅសាលាតែពីរថ្ងៃប៉ុណ្ណោះ គឺមួយថ្ងៃសម្រាប់រៀនក្នុងថ្នាក់ និងមួយថ្ងៃទៀតសម្រាប់ចូលរួមសិក្ខាសាលា ក្រៅពីនោះគឺលោកត្រូវរៀនតាមសៀវភៅខ្លួនឯងដើម្បីយកជាគំនិតក្នុងការពិភាក្សាក្នុងថ្នាក់ ហើយការផ្តល់ពិន្ទុគឺផ្អែកលើការសរសេរសំណេរដែលឆ្លុះបញ្ចាំងពីការយល់ដឹងរបស់សិស្សផ្ទាល់។ 

ការអានសៀវភៅទាំងនោះ គឺជាផ្នែកមួយដែលលោកចាត់ទុកថាជាការ តស៊ូជំនេះមួយដែរដោយសារតែភាគច្រើននៃសៀភៅទាំងនោះគឺជាសៀវភៅតាំងពីសតវត្សន៍ទី១៦ម្ល៉េះ។ ម្យ៉ាងទៀត នៅពេលលោករៀននៅកម្ពុជាពុំសូវអានសៀវភៅនោះទេដូចនេះនៅពេលទៅរៀននៅក្រៅប្រទេសគឺត្រូវផ្លាស់ប្តូរទម្លាប់ភ្លាមៗ។ ដំណោះស្រាយរបស់លោកគឺត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីអាននិងសង្ខេបគំនិតសំខាន់ដោយខ្លួនឯង និងបង្កើតជាក្រុមសិក្សាជាមួយមិត្តរួមថ្នាក់ដើម្បីពន្យល់គ្នា ហើយពេលខ្លះលោកក៏បានផ្ញើសារអេឡិចត្រូនិចទៅសុំការពន្យល់ពីគ្រូបន្ថែមក៏មាន។

ក្រៅពីនេះ​ លោកបន្ថែមទៀតថា «ការនឹកផ្ទះគឺជៀសមិនផុតនោះទេ ប៉ុន្តែយើងត្រូវតែហ៊ានលះបង់អ្វីមួយដើម្បីយកអ្វីដែលយើងចង់បាន ជាពិសេសនៅពេលដែលយើងដឹងថាវានឹងផ្តល់ប្រយោជន៍រយៈពេលវែងដល់យើង»។​ 

មិនតែប៉ុណ្ណោះ ការទទួលស្ត្រេសពីកិច្ចការសាលានៅតែចៀសមិនផុតនោះទេ ប៉ុន្តែលោកបានចែកពេលវេលាសម្រាប់ការរៀនសូត្រនិងការកម្សាន្តបានយ៉ាងល្អ។ ជាក់ស្តែងការសិក្សានៅបរទេស បានធ្វើឱ្យលោករៀនចេះនៅការរស់ដោយឯករាជ្យ «គឺខ្ញុំត្រូវគ្រប់គ្រងផ្នែកសេដ្ឋកិច្ចឱ្យខ្លួនឯង ដោយសារតែការចំណាយលើផ្ទះនិងម្ហូបនៅប្រទេស៊ុយអែតមានតម្លៃថ្លៃបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងសហគមន៍អ៊ឺរ៉ុប។»

ចំពោះគន្លឹះដើម្បីជាប់អាហារូបករណ៍ជាក់ស្តែងលោកបានប្រាប់ពីបទពិសោធន៍ក្នុងការស្វែងរកអាហាររូបករណ៍នៅប្រទេសក្រៅថា៖ ដំបូង ត្រូវមានភាពសកម្មក្នុងការស្វែងរកអាហារូបករណ៍ លោកបន្ថែមថា «ត្រូវអានព័ត៌មានលម្អិតឱ្យអស់នៅក្នុងអាហារូបករណ៍នីមួយៗ» ដើម្បីជៀសវាងការច្រលំ។ ទីពីរ នោះគឺ «យើងត្រូវហ៊ានសួរព័ត៌មានពីអ្នកដែលធ្លាប់បានទីសិក្សាលើកម្មវិធីដែលយើងចង់ទៅ ហើយជៀសវាងសួរពួកគេនូវសំណួរដែលអាចរកនៅលើគេហទំព័រផ្សេងៗបាន»។ 

ចុងក្រោយនោះ លោកបាន រំលឹកថា ត្រូវដឹងពីសមត្ថភាពនិងការតាំងចិត្តរបស់ខ្លួន ក្នុងការសម្រេចចិត្តដាក់អាហារូបករណ៍ ពីព្រោះអាហារូបករណ៍និមួយៗមានការតម្រូវនិងលក្ខខណ្ឌសម្រាប់បេក្ខជនខុសៗគ្នា៕

 អត្ថបទដោយ ចាន់ ជីវ៉ា និង ស៊ូ ពិសែន