រាជធានីភ្នំពេញ៖ ក្នុងកម្មវិធីប្រកួត DigiCon6 អ្នកដែលទទួលបានជ័យ​​លាភីប្រចាំឆ្នាំ២០២០ នេះ បានទៅលើក្រុម Color Wheel ដែលបានផលិតរឿង“ថ្ងៃនេះ​សម្រាប់ថ្ងៃស្អែក” ។ ជ័យលាភីនេះ ក៏ទទួលបានថវិកាពីកម្មវិធី ១លាន ២សែនរៀល ហើយ ខៀវកាញារីទ្ធ ផ្ដល់បន្ថែមថវិកា ៤០ម៉ឺនរៀល លោកជំទាវ ខៀវ ទេពរង្ស៊ី ចំនួន ២០ម៉ឺនរៀល។ សម្រាប់​ជ័យលាភី លេខ១ នេះក៏នឹងទៅចូលរួម ប្រកួតប្រជែងកម្មវិធី DigiCon6 Asia នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន នាចុងឆ្នាំនេះ ដែលរៀបចំឡើងដោយទូរទស្សន៍TBS ជប៉ុនផងដែរ។

សូមជម្រាបជូនដែរថា កម្មវិធីប្រកួតប្រជែងគំនូរជីវចលថ្នាក់ជាតិលើកទី៧ ឆ្នាំ ២០២០ 7th Cambodia DigiCon6ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋាន​ទូរទស្សន៍ជាតិ​កម្ពុជា នាព្រឹក ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២០។ បេក្ខជន បេក្ខនារី ជាសិស្ស និស្សិត និងយុវជនវ័យក្មេងដែលបានចូលរួម​នាឱកាស នេះ គឺមានចំនួន ២១ក្រុម ស្មើនឹង៤៣នាក់ ក្នុងនោះបេក្ខនារីចំនួន ២១នាក់ មកពីស្ថាប័ន សាកលវិទ្យាល័យ សាលា និង ឯកកត្តជនក្នុងរាជធានីនិងបណ្តាខេត្ត មួយ​ចំនួន។

សម្រាប់ជ័យលាភីកិត្តិយសនៅក្នុងកម្មវិធីនេះតាមរយៈការបោះ​ឆ្នោត​ពីទស្សនិកជន តាមបណ្តាញ Facebook រួមមាន ទី១. ជ័យលាភីផ្នែកប្រជាប្រិយ​ភាព​បានទៅលើក្រុម KIDOZA ទី២. ជ័យលាភីផ្នែករូបភាព បានទៅលើក្រុម ទេព រុក្ខ: ទី៣. ជ័យលាភីផ្នែកគំនិត បានទៅលើក្រុម Manga Khmer ទី៤. ជ័យលាភី ផ្នែកសាច់រឿង បាន​ទៅលើក្រុម Long Kimheng៕