ក្នុងស្ថាប័នការងារឬមួយអង្គភាពអាជីវកម្ម សុទ្ធសឹងតែត្រូវការអ្នកដឹកនាំដែលមានជំនាញភាពជាអ្នកដឹកនាំសម្រាប់ទាញឱ្យអង្គភាពសម្រេចបានលទ្ធផលជោគជ័យ។ ដើម្បីទទួលបានប្រសិទ្ធិភាពនេះ ៤ចំណុចស្នូលនៃជំនាញភាពជាអ្នកដឹកនាំដែលត្រូវបានគេលើកឡើង ក្រមាសូមសង្ខេបបង្ហាញជូនដូចក្រោម៖
១. ការយល់ច្បាស់ពីខ្លួនឯង
ជាចំណុចសំខាន់ដំបូងបំផុតនោះគឺការយល់ច្បាស់ពីខ្លួនឯង ពោលគឺការដឹងពីភាពខ្លាំងនិងភាពខ្សោយផ្ទាល់ខ្លួនរបស់អ្នក។ ការយល់ច្បាស់ពីខ្លួនឯងនេះគឺសម្រាប់ការអភិវឌ្ឍខ្លួនក្នុងរយៈពេលវែង និងជាបន្តបន្ទាប់ដោយដឹងថាត្រូវបន្តពង្រឹងចំណុចណាខ្លះ និងសម្រួចចំណុចខ្លាំងណាខ្លះក្នុងនាមជាអ្នកដឹកនាំមួយរូប។
២. ទំនាក់ទំនង
ទំនាក់ទំនងជាផ្នែកស្នូលមួយនៃជំនាញភាពជាអ្នកដឹកនាំដែលត្រូវការជាចាំបាច់មិនអាចខ្វះបាន គឺសម្តៅទៅលើទំនាក់ទំនងនៃការចែករំលែកព័ត៌មាន និងគំនិត។ អ្នកដឹកនាំដែលជោគជ័យមួយរូបគឺមានជំនាញមួយនេះ ក្នុងការប្រាស្រ័យទាក់ទង ដើម្បីដឹកនាំបុគ្គលិក ទាក់ទាញការចូលរួមពីមជ្ឈដ្ឋានផ្សេងៗនិងទំនាក់ទំនងផ្សេងៗទៀត។
ចុចអាន៖ សម្រង់ទស្សនៈនៃភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក
៣. ឥទ្ធិពល
ចំណុចនេះសម្តៅលើធាតុសំខាន់បីគឺការជម្រុញទឹកចិត្ត ការលើកសរសើរ និងការតម្រង់ទិសដៅទៅកាន់គោលដៅ។ ជាអ្នកដឹកនាំម្នាក់ការអភិវឌ្ឍឱ្យមានឥទ្ធិពលផ្ទាល់ខ្លួន ជារឿងសំខាន់ដើម្បីសម្រេចគោលដៅរួមជាក្រុម។ មនុស្សទាំងក្នុងក្រុមការងារ និងទោះបីមិនមែនជាសមាជិកក្រុមការងារ ដែលដើរតាមបំពេញការដើម្បីសម្រេចគោលដៅរបស់អ្នកដោយឆន្ទៈ នោះហើយជាប្រសិទ្ធិភាពនៃឥទ្ធិពលដែលមាន។ ការអភិវឌ្ឍឥទ្ធិពលក្នុងជំនាញនៃភាពជាអ្នកដឹកនាំរបស់អ្នក ពិតជាជួយច្រើននៅក្នុងការទំនាក់ទំនងសម្រាប់ចក្ខុវិស័យ គោលដៅ និងទិសដៅរបស់អ្នក ពិសេសគ្រប់លំដាប់ថ្នាក់រាប់តាំងពីគណៈគ្រប់គ្រង អតិថិជន និងអ្នកពាក់ព័ន្ធឯទៀត។
៤. ភាពឆ្លាតវៃក្នុងការរៀនសូត្រ
អ្នកក៏ត្រូវការដុសខាត់នូវសមត្ថភាពដែលអាចរៀនសូត្របានលឿននិងវៃឆ្លាត ដើម្បីស្វែងរកបទពិសោធមានតម្លៃ និងមេរៀនសំខាន់ៗផ្សេងៗក្នុងជីវិតដឹកនាំ។ ភាពវៃឆ្លាតក្នុងការរៀនគឺសម្តៅដល់ការរៀនពីកំហុស ការចោទជាសំនួរត្រិះរិះ ការបើកចិត្តទទួលមតិផ្សេងៗក៏ដូចជាការយកឱកាសរៀនផ្សេងៗ និងឆ្លើយតបយ៉ាងល្អទៅកាន់ស្ថានការណ៍ផ្សេងៗ។ ភាពឆ្លាតវៃក្នុងការរៀនសូត្រក៏បង្កើតជាឥទ្ធិពលសម្រាប់អ្នក ទៅកាន់បុគ្គលិក អ្នកក្រោមបង្គាប់ ក៏ដូចជាបង្កើតបរិយាកាសរៀនសូត្រក្នុងស្ថាប័នឬអង្គភាពអាជីវកម្មផងដែរ៕
ប្រភព៖ CCL\ Center for CreativeLeadership