Image

ក្នុងការរស់នៅប្រចាំថ្ងៃគឺតែងតម្រូវឱ្យមនុស្សម្នាក់មានជំនាញឬអាជីពមួយច្បាស់លាស់ដើម្បីរកចំណូលចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ក្រៅពីជំនាញរៀនសម្រាប់អាជីពចេញពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានសិក្សានានា ក៏តម្រូវឱ្យយើងមានជំនាញខ្លះបន្ថែមជាប់នឹងខ្លួនផងដែរពោលគឺក្នុងក្របខណ្ឌធ្វើការងារជាក្រុម ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថានភាពលំបាក ឬមួយការប្រាស្រ័យទាក់ទងជាមួយមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាជាដើម។ជំនាញខ្លះៗ ដែលអ្នកអាចពិចារណាមានជាប់ខ្លួនបន្ថែម សម្រាប់ជាប្រយោជន៍ក្នុងពេលបច្ចុប្បន្ននិងពេលអនាគតមានដូចជា៖

. ជំនាញដោះស្រាយបញ្ហា

ចំណុចនេះគឺសម្តៅទៅលើរាល់ឧបសគ្គផ្សេងៗដែលជាផ្នែកមួយជួយឱ្យអ្នករឹងមាំផងដែរ នៅក្នុងន័យវិជ្ជមាន។ ដូចនេះក៏ព្រោះថាបទពិសោធលំបាកផ្សេងៗ បានធ្វើឱ្យអ្នកយល់ច្បាស់ជាងមុន វៃឆ្លាតជាងមុននិងមានបទពិសោធរឹងមាំនៅពេលអ្នកជួបបញ្ហាណាមួយ។ ដូច្នេះការរៀនដោះស្រាយបញ្ហាខ្លះៗដែលអ្នកជួបក្នុងជីវិតគឺអ្នកគួរតែរីករាយនឹងដោះស្រាយទៅតាមសមត្ថភាព និងភាពវៃឆ្លាតរបស់អ្នក។ បន្ថែមពីនោះ ការរីករាយប្រឈមនឹងការដោះស្រាយបញ្ហាលំបាកផ្សេងៗនឹងនាំឱ្យអ្នកកើនសមត្ថភាព និងការយល់ដឹងស៊ីជម្រៅជាងមុន ដូចនេះ ហេតុអ្វីមិនសាកល្បងចូលរួមដោះស្រាយបញ្ហាខ្លះទៅ? 

. ជំនាញត្រិះរិះពិចារណា

ការចេះត្រិះរិះពិចារណាគឺកើតឡើងនៅពេលអ្នកស្វែងយល់ពីស្ថានការណ៍មួយបានស៊ីជម្រៅ និងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយមកវិភាគនិងថ្លឹងថ្លែង រួចធ្វើការសម្រេចចិត្ត។ ការវិវឌ្ឍជំនាញត្រិះរិះពិចារណាជួយឱ្យអ្នកចេះច្រោះយកជម្រើសដ៏ល្អក៏ដូចជាស្ទាបស្ទង់ពីស្ថានភាពក្នុងកម្រិតមួយដែលអាចទទួលយកបាន។

. ជំនាញច្នៃប្រឌិត

ជំនាញមួយនេះក៏អាស្រ័យពីទម្លាប់គិតពីគ្រប់ទិដ្ឋភាពទៅលើបញ្ហាឬដំណោះស្រាយណាមួយ។ មិនថាការស្រាវជ្រាវ ការស្វែងយល់ ការសាកសួរបទពិសោធការបំបែកគំនិតថ្មីៗ ឬការរៀនដោះស្រាយបញ្ហា គ្រប់លទ្ធភាព ក៏ត្រូវបានចាត់ទុកជាជំនាញពិសេសបន្ថែមមួយផងដែរ។

. ជំនាញធ្វើការជាក្រុមផ្សេងៗ

ចូលចិត្ត ឬមិនចូលចិត្តប៉ុន្តែកិច្ចការងារក្នុងជីវិត ពិតណាស់គឺតម្រូវឱ្យធ្វើការងារជាក្រុម ឬក៏ហោចណាស់ក៏ត្រូវឱ្យមានអ្នកផ្សេងៗទៀតជួយមើលរិះគន់ដើម្បីស្ថាបនាផងដែរ ទើបកិច្ចការមួយបានប្រសើរ និងរីកចម្រើនទៅមុខ។ ហេតុដូចនេះការហាត់រៀនសម្របនៅក្នុងកិច្ចការក្រុម ក៏ជាជំនាញមួយគួរមានផងដែរ។ការធ្វើកិច្ចការជាក្រុម បង្រៀនឱ្យអ្នកចេះសម្រប ចេះចូលរួមផ្តល់យោបល់ ទទួលខុសត្រូវនិងជាចំណែកមួយក្នុងការជម្រុញឱ្យគោលដៅធំរួមមួយអាចសម្រេចបាន ដែលកិច្ចការខ្លះ មនុស្សតែម្នាក់ពុំអាចធ្វើបានឡើយ។ ត្រឡប់មកវិញ បទពិសោធចូលរួមក្នុងកិច្ចការងារជាក្រុមអ្នកអាចចូលរួមបាន មិនថាជាក្រុមកិច្ចការសាលា ចូលរួមក្រុមស្ម័គ្រចិត្តឬមួយក្រុមកីឡាបាល់ទាត់ជាដើម ដែលសុទ្ធតែបង្រៀនអ្នក ឱ្យយល់ពីការធ្វើកិច្ចការជាក្រុមតែមួយ។

. ជំនាញឆ្លើយតបនឹងស្ថានការណ៍ផ្សេងៗ

ចំណុចនេះចង់សម្តៅទៅលើសមត្ថភាពក្នុងការអង្កេតពីហេតុផ្សេងៗដែលបានកើតឡើង។ ការអង្កេតក្នុងន័យនេះ ក៏សម្តៅទៅលើការចេះស្វែងយល់ពីខ្លួនឯងផងដែរក្នុងការឆ្លើយតបទៅនឹងស្ថានភាពផ្សេងៗក្នុងជីវិត។ ជាឧទាហរណ៍ អ្នកត្រូវជួបនឹងមនុស្សជាច្រើននៅក្នុងដំណើរជីវិតប៉ុន្តែទន្ទឹមនឹងនោះ អ្នកក៏អាចស្វែងយល់ពីរបៀបមនុស្សម្នាក់ៗ មានទម្លាប់ផ្សេងៗគ្នាមានបែបផែនជីវិតរស់នៅផ្សេងគ្នា ក៏ដូចជាចំណេះដឹងមកពីមជ្ឈដ្ឋានផ្សេងៗពីគ្នាផងដែរ។ដូច្នេះ ការអង្កេតពីខ្លួនឯង និងបរិស្ថានជុំវិញ ក៏ដូចជាការចេះឆ្លើយតបនឹងស្ថានភាពក្នុងរបៀបមួយដែលប្រសើរគឺជាជំនាញមួយផងដែរ ដែលតម្រូវឱ្យអ្នកចេះស្វែងយល់ដោយផ្តើមចេញពីភាពវៃឆ្លាតរបស់បុគ្គលម្នាក់ផ្ទាល់ដែលភាគច្រើនគឺមានខុសៗប្លែកពីគ្នា៕