មានសម្បុរ ស និង មុខមាត់កូនកាត់ចិនកញ្ញា ជា ចរិយា អាយុ ២៥ឆ្នាំ និងជានិស្សិតដែលធ្លាប់បានរៀន ក្នុងកម្មវិធីផ្លាស់ប្ដូរការសិក្សាខាងផ្នែកព័ត៌មានវិទ្យា នៅសាធារណរដ្ឋកូរ៉េ បានចាកចេញពីតំណែងនៅក្រុមហ៊ុនដែលផ្តល់ប្រាក់ចំណូលខ្ពស់មួយ ដើម្បីចាប់ផ្តើមអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យា ឈ្មោះថា Inooverដោយខ្លួនឯង។
យុវតី ចរិយា បានចាប់ផ្ដើមប្រឡូកក្នុងវិស័យការងារ តាំងពីរៀនក្នុងថា្នក់ទី១០ ដោយធ្វើជា អ្នកលក់ និងទីផ្សារឱ្យក្រុមហ៊ុនទស្សនាវដ្ដីក្នុងស្រុកមួយ ខណៈដែលស្ថានភាពគ្រួសារ ចរិយា បានធ្លាក់ក្នុងវិបត្តិ ព្រោះឪពុកដែលជាអ្នករកចំណូលផ្គត់ផ្គង់គ្រួសារទាំងស្រុង បានបាត់បង់ការងារ ក្នុងឆ្នាំ ២០០១ ។
កញ្ញាបានលើកឡើងថា៖ “និយាយទៅពេលនោះ ខ្ញុំអត់មានលុយ ហើយប៉ាក៏បាត់បង់ការងារ នៅធានាគារទៀតរីឯបងប្អូនទាំងអស់ សុទ្ធតែនៅរៀន។ ពេលខ្លះ សឹងតែអត់មានបាយហូបផង ចឹងដើម្បីរកអ្វីមកចិញ្ចឹមក្រពះបានខ្ញុំមានតែចេញធ្វើការ ទោះបីជារាងក្មេងក៏ដោយ។”
ការចាប់ផ្តើមអាជីវកម្មដំបូងនិង ការបរាជ័យ
បន្ទាប់ពីបញ្ចប់ ការសិក្សាមធ្យមសិក្សាទុតិយភូមិកញ្ញា ចរិយា បានចូលរៀន ជំនាញគណនេយ្យ អស់រយៈពេលមួយឆ្នាំ។ បន្ទាប់មកទៀត កញ្ញា ក៏បានផ្លាស់មករៀន មុខជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនាឆ្នាំបន្ទាប់វិញ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយមានចំណង់ចំណូលចិត្តធ្វើជំនួញតាំងពីរៀនវិទ្យាល័យ និងក្នុងខណៈពេល កញ្ញា ចរិយាកំពុងសិក្សាថ្នាក់មហាវិទ្យាល័យនៅឆ្នាំទី២ ឫ ទី៣ និង បានរៀនចេះជំនាញផ្នែកផលិតខ្សែវីដេអូខ្លះៗកញ្ញា ក៏បានប្រមូលមិត្តភក្តិ ដែលរៀនក្នុងថ្នាក់ជាមួយគ្នា ជាក្រុមមួយដើម្បីបង្កើតអាជីវកម្មតូចមួយ ដែលផ្តល់សេវាកម្ម ការផលិតវីដេអូ។
ជានិស្សិតផង និងចាប់ផ្តើមរកស៊ីដំបូងផងកញ្ញាបានរៀបរាប់ ពីឧបសគ្គនិងការបរាជ័យ ក្នុងអាជីវកម្មមួយនេះថា “ការរកស៊ីដំបូងនេះ គឺវាមិនអាចដំណើរការបានទេ ដោយសារសមាជិកក្នុងក្រុមទាំងអស់មិនមានការតាំងចិត្តខ្ពស់ដូចរូបខ្ញុំ ពីព្រោះខ្ញុំស្រលាញ់ ការរកស៊ីតាំងពីតូចមកហើយចឹង ខ្ញុំមានការតាំងចិត្តបានល្អ។ អាជីវកម្មបើមានតែម្នាក់ប្រឹងនោះមិនអាចទៅរួចឡើយ។”
ធើ្វការយកបទពិសោធន៍សិនទើបចាប់ផ្តើមអាជីវកម្មសារជាថ្មី
លុះរៀនចប់ថ្នាក់ឧត្តមសិក្សាកញ្ញា ចរិយា មិនបានសំរេចចិត្តចាប់ផ្តើមអាជីវកម្មភ្លាមនោះទេ ពោលគឺកញ្ញា ចង់ចូលប្រឡូក ក្នុងវិស័យការងារសិន។ គ្រានោះ កញ្ញា មានគោលបំណង តែមួយគត់បន្ទាប់ពីបានការងារគឺកាទទួលបានតំណែង ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនធំមួយ។
ធ្វើការមិនបានមួយឆ្នាំផងកញ្ញា ចរិយា បានផ្លាស់ប្តូរកន្លែងការងារថ្មីមួយទៀត ដែលទទួលដំណែងខ្ពស់ដូចបំណងមែន។ទន្ទឹមគ្នានោះដែរ កញ្ញា ក៏បានឆ្លៀតពេលក្រៅពីម៉ោងការងារ យកទៅចាប់ផ្តើមដំណើរការអាជីវកម្មថ្មីម្តងទៀត។ ប៉ុន្តែ មិនដល់បីខែផងកញ្ញា ចរិយា បានរៀបចំ ក្រុមហ៊ុនអោយមានដំណើរការបានយ៉ាងល្អដោយបានទទួលគម្រោង ជាច្រើនពីអតិជន ដែលអាចជួយផ្គត់ផ្គង់ ការចំណាយទាំងស្រុងនៅក្នុងក្រុមហ៊ុនបាន។
មេរៀនដ៏ល្អបំផុតដែលកញ្ញាបានទទួល ពីអាជីវកម្មថ្មីនេះគឺ៖«ការរកដៃគូរសហការ ដែលមានការតាំងចិត្តខ្ពស់ និងមានជំនាញផ្សេងពីខ្លួនពីព្រោះ អ្នកទាំងពីរ អាចជួយបំពេញចំនុចខ្វះខាត អោយគ្នាទៅវិញទៅមកនៅក្នុងមុខជំនួញបាន»។ តួយ៉ាង កញ្ញាបានជួបដៃគូសហការដ៏ល្អ ដែលគេមានជំនាញយ៉ាងច្បាស់ខាងផ្នែកសរសេរកូដ និងកញ្ញាផ្ទាល់ ជាអ្នកទទួលបន្ទុក ផ្នែកប្រតិបត្តិក្នុងក្រុមហ៊ុនថ្មីស្រឡាងនេះ។
ជាចុងក្រោយ កញ្ញាចរិយា បានផ្តាំផ្ញើទៅដល់សិស្សនិស្សិត ដែលចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនថា៖ «កុំប្រញាប់ប្រញាល់ធ្វើតាមគេ មានន័យថា ត្រូវខំរៀនជំនាញណាមួយអោយច្បាស់និង ធ្វើការយកបទពិសោធន៍អោយបានច្រើន មុនប្រឡូកក្នុងការរកស៊ី»៕
សូមបញ្ជាក់ដែរថាInooverមានផ្តល់សេវាកម្មផ្នែក សរសេរកូដ កម្មវិធីទូរស័ព្ទ និងតម្លើងវេបសាយ។
អត្ថបទដោយ កែវ ធាស្រ៊ុន