ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣៥គ្រឿង ជូនដល់ក្រសួងសុខាភិបាលដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដែល​ជំនួយទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុស​កូរ៉ូណាប្រភេទថ្មី នៅលើសកលលោក។ 

ពិធីប្រគល់ និងទទួលនេះ ត្រូវបានប្រារព្ធឡើង​កាល​ពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ដោយមាន​ការចូលរួមរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើយោងតាមសេចក្ដី​ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ជំនួយនេះគឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិ​ការដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ានដែលត្រូវបានប្រកាសដោយ ​ឯកឧត្ដម​​អតីត​នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី​ពិសេស​កាលពីខែ​មេសា​ ឆ្នាំ២០២០។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន​ ក្នុ​ងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ លើកម្រិតសកល។

រហូតមកដល់ពេលនេះ ឆ្លើយតបនឹងការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបាន​ផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិច ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោន ឧបករណ៍ផលិតអុកស៊ីសែន និងគ្រែសង្គ្រោះបន្ទាន់​ជូនដល់កម្ពុជា។