រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំង ៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។

ទូតជប៉ុនបន្ថែមថា ជំនួយនេះ គឺផ្អែកលើវិធានការកិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ាន ដែលត្រូវបានប្រកាសដោយលោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 រហូតមកដល់ពេលនេះ ឆ្លើយតបការស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជារថយន្តគិលានសង្គ្រោះ ចំនួន១០០គ្រឿង, ឧបករណ៍ត្រួតពិនិត្យកាំរស្មីអិចចំនួន១០, ឧបករណ៍ធ្វើរោគវិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦, ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្តជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។

សូមជម្រាបជូនដែរថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសថា ជប៉ុននឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូសជូនដល់កម្ពុជាតាមរយៈ COVAX Facility។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បានប្រកាសថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ចាំបាច់។ ជប៉ុនសង្ឃឹមថា ការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩៕