មានសារ ជាង ៣០ ដែលបានបង្ហោះ ប្រមាថជីវិតសម្ដេច ហ៊ុន សែន ដែលគេអាចស្មានដឹងថា ជាថ្នាក់ដឹកនាំ អតីតបក្សប្រឆាំង ។

ខេត្តកោះកុង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា កំពុងឱ្យក្រុមមេធាវីសិក្សា ប្តឹងទៅតុលាការចំពោះជនទាំងឡាយ ដែលបានប្រមាថដល់សម្តេច នៅលើបណ្តាញសង្គម Facebook ។ នេះ ជាការលើកឡើងរបស់សម្តេច ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុងនាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាប អាអ្នកប្រមាថខ្ញុំតាម Facebook ខ្ញុំកំពុងឱ្យមេធាវីរបស់ខ្ញុំ សិក្សាដើម្បីដាក់ពាក្យប្តឹងហើយ...អ្នកឯងនៅក្រៅប្រទេសមែន តែទ្រព្យសម្បត្តិ នៅក្នុងប្រទេស»។

សម្តេចបានបន្តថាជននោះពេលនៅក្នុងស្រុក មិនហ៊ានជេរប្រមាថទេ តែពេលទៅខាងក្រៅហ៊ានធ្វើ។ អ្នកប្រមាថនៅលើបណ្តាញសង្គម Facebook ដែលសម្តេចគ្រោងនឹងប្តឹងទៅតុលាការខាងមុខនេះ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ អតីតបក្សប្រឆាំង៕ 

FB សម្ដេចហ៊ុនសែន