រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍នៃការឆ្លងសហគមន៍ ត្រឹមព្រឹកថ្ងៃទី១៤ ធ្នូ២០២០ ក្រសួងសុខាភិបាល បានប្រកាសពី ការមិនមានករណីវិជ្ជមានថ្មីទៀតនោះទេ ដែលនេះជាថ្ងៃទី៣ហើយ បន្ទាប់ពីការរកឃើញវិជ្ជមាន ចុងក្រោយម្នាក់ កាលពីថ្ងៃទី១១ធ្នូ ដែលធ្វើឲ្យចំនួនឆ្លងសហគមន៍នេះ សរុបនៅត្រឹម៤០នាក់(ស្រី១៩នាក់ ប្រុស២១នាក់)។

តាមការបញ្ជាក់ពីក្រសួងសុខាភិបាលវត្ថុសំណាកដែលត្រូវបានវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នីថ្ងៃទី១៣ ធ្នូ ឆ្នាម២០២០ មានចំនួន ៣៤៣៨វត្ថុសំណាក ដោយលទ្ធផលគឺអវិជ្ជមានទាំងអស់។ ដោយឡែកនៅសល់វត្ថុសំណាកចំនួន៣៣២៤សំណាក ទៀតដែលត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ធ្នូនេះ។

សូមជម្រាបជូនដែរថា ករណីឆ្លងសហគមន៍បានរកឃើញករណីដំបូងនៅថ្ងៃទី២៨វិច្ឆិការ  និងបានរកឃើញការឆ្លងជាបន្តបន្ទាប់នៅតាមទីតាំងឯកជនមួយចំនួនជាពិសេសគឺតាមហាងទំនិញ ដែលមានការលក់បញ្ចុះតម្លៃច្រើន ដែលគេហៅថាកម្មវិធី Black Friday។

សូមប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ននិងអនុវត្តតាមវិធានការឲ្យបានតឹងរឹងតាមការណែនាំពីក្រសួងសុខាភិបាល ម៉្យាងវិញទៀតវីរុសកូវីដ-១៩  អាចរស់នៅលើក្រដាសប្រាក់ កញ្ចក់ និងផ្ទៃផ្សេងៗ រហូតដល់ ២៨ថ្ងៃឯណោះក្នុងស្ថានភាពត្រជាក់និងងងឹត៕