រាជធានីភ្នំពេញ៖ ក្នុងខែកក្កដា ឬខែក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូន នឹងចេញប័ណ្ណបើកបរអន្តរជាតិជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង សាធារណៈការនិងដឹកជញ្ជូន ។
លោក ស៊ុន ចាន់ថុល បានគូសលើកឡើងថា៖ «នៅខែកក្កដា និងខែសីហានេះ យើងនឹងចេញប័ណ្ណបើកបរអន្តរជាតិ ដោយសារនៅពេលយើងបើកឡាននៅក្រៅប្រទេសមិនបាន មានប័ណ្ណបើកបរខ្មែរយើងបើកមិនបាន ដូច្នេះយើងជាសមាជិកអង្គការសហប្រជាជាតិដែរ យើងអាចចេញប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណបើកបរហើយមកសុំដូរប័ណ្ណបើកបរបណ្តោះអាសន្ន។ ហើយយើងមានប្រភេទ A B C នៅខាងក្រោយហ្នឹង យើងបោះត្រាតាមប្រភេទដែលគាត់ស្នើសុំ បើគាត់ឡានទេសចរណ៍ ប្រភេទហ្នឹងគឺបោះត្រាទៅលើរូបថត ហើយបោះត្រាលើប្រភេទហ្នឹងតែម្តង ចឹងខែក្រោយអាចដំណើរការបាន»។
ការលើកឡើងនេះ គឺធ្វើឡើងក្នុងឱកាសដែល រូបលោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕