សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ជាទូទៅ ចំពោះការទិញអចលនទ្រព្យតែងត្រូវបានគេរំពឹងថា នឹងអាចទទួលបានផលចំណេញនាពេលខាងមុខ ប៉ុន្តែប្រសិនបើអ្នកទិញមិនចេះពីរបៀបនៃការទិញវិញ ក្រៅពីមិនបានចំណេញ ថែមទាំងប្រឈមនឹងភាពខាតបងក៏មានដែរ។ បើដូច្នេះ តើគួរទិញអចលនទ្រព្យយ៉ាងដូចម្ដេចទើបមិនជួបហានិភ័យ និងអាចទទួលបានចំណេញច្រើននៅពេលអនាគត់?

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោក អ៊ីន ណាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show-Up Real Estate បានធ្វើការចែករំលែកនូវចំណេះដឹងខ្លះៗពាក់ព័ន្ធទៅនឹងគន្លឹះដែលអាចវិនិយោគអចលនទ្រព្យទទួលបានចំណេញយ៉ាងប្រាកដ ។ លោកបានបញ្ជាក់ថា ប្រសិនបើចង់ចំណេញនៅលើការវិនិយោគវិស័យអចលនទ្រព្យលុះត្រាតែអ្នកទិញត្រូវមានភាពវ័យឆ្លាត និងចេះក្តាប់ឱកាសមាសឱ្យបាន ជាពិសេសត្រូវផ្តោតទៅលើចំណុចសំខាន់ដូចខាងក្រោម។

ទិញអចលន្រព្យដែលកំពុងជាប់បំណុល ៖ ម្ចាស់បំណុលដែលបានលង់ខ្លួនយកអចលនទ្រព្យទៅបញ្ចាំដើម្បីខ្ចីលុយពីធនាគារ ឬពីឯកជន នោះមានន័យថា ពួកគាត់កំពុងតែផុងខ្លួនទៅក្នុងស្ថានភាពអាក្រក់ ខណៈដែលគ្មានលទ្ធភាពបង់ នោះម្ចាស់បំណុលអាចនឹងរឹបអូសអចលនទ្រព្យដែលជាទ្រព្យបញ្ចាំនោះទៅប្រកាសលក់បន្ទាន់ក្នុងតម្លៃមួយទាបជាងទីផ្សារ ឬម៉្យាងទៀតកូនបំណុលដែលជាម្ចាស់ អាចសុំឱ្យម្ចាស់បំណុលស្វែងរអតិថិជនមកទិញទ្រព្យបញ្ចាំរបស់ខ្លួនក្នុងតម្លៃថោក។ ប្រការនេះ អ្នកអាចមានឱកាសទិញបានអចលនទ្រព្យដែលមានតម្លៃថោក សម្រាប់លក់ចេញវិញនៅពេលអនាគត់ក្នុងតម្លៃខ្ពស់ ដែលអាចទទួលបានចំណេញច្រើន ។

ទិញអចលនទ្រព្យនៅពេលដែលត្រូវការលក់បន្ទាន់ ៖ គួរទិញអចលនទ្រព្យណាដែលគេកំពុងត្រូវការលក់ ហើយគួរលក់ចេញវិញនៅពេលដែលគេត្រូវការទិញ។ នៅពេលដែលគេត្រូវការលក់ មានន័យថា គេប្រាកដជាត្រូវការលុយជាចាំបាច់ ដូច្នេះគេអាចលក់នៅក្នុងតម្លៃមួយថោក ឬទាបជាងតម្លៃទីផ្សារយ៉ាងប្រាកដ។ ខណៈនេះ អ្នកអាចទិញបានយ៉ាងស្រួល និងមានឱកាសទទួលបានចំណេញខ្ពស់នៅពេលថ្ងៃអនាគត់។ ការលក់អចលទ្រព្យបន្ទាន់ អាចជាអ្នកមានតម្រូវការផ្លាស់ប្ដូរលំនៅដ្ឋាន អ្នកដែលមានវិបត្តិបំណុល អ្នកដែលត្រូវការលុយដើម្បីទិញអចលនទ្រព្យនៅទីតាំងថ្មីដែលគិតថាល្អជាងជាដើម ។

ទិញអចលនទ្រព្យដែលមិនទាន់កែច្នៃ ៖ អចលនទ្រព្យដែលមិនទាន់កែច្នៃ រួមមានដូចជា ផ្ទះចាស់ៗ ដីបឹង ដីប្រឡាយ ដីលិចទឹក ដីព្រៃ …ដែលមើលទៅមិនទាន់គួរជាទីចាប់អារម្មណ៍ និងមានបរិយាកាសមិនល្អ និងមិនសូវមានមនុស្សរស់នៅជុំវិញជាដើម។ អចលនទ្រព្យប្រភេទនេះ មិនទាន់មានតម្លៃខ្ពស់នោះទេ ដោយសារតែវាមិនទាន់សោភ័ណភាព។ ទាំងអស់នេះ អ្នកអាចទិញវាយកមកកែច្នៃ កែលម្អបន្ថែម ដូចជាកាប់ឆ្កាព្រៃ ចាកដីបន្ថែម តុបតែងលម្អឱ្យក្លាយជាលំនៅដ្ឋានគួរជាទីរស់នៅ ហើយធ្វើការលក់ចេញវិញក្នុងតម្លៃមួយដែលអាចប្រកួតប្រជែងនៅលើទីផ្សារបាន នោះអ្នកនឹងទទួលបានចំណេញកប់ក្តោងយ៉ាងប្រាកដ។

ទិញអចលនទ្រព្យដែលមានទីតាំងឆ្ងាយពីទីប្រជុំជន ៖ ចំណុចនេះ អ្នកអាចចំណាយពេលយូរបន្តិចក្នុងការទទួលបានចំណេញ ។ អចលនទ្រព្យ ដែលមានទីតាំងនៅឆ្ងាយ តែងមានតម្លៃថោក ហើយនឹងអាចកើនតម្លៃថ្លៃទ្វេដងនៅពេលដែលគម្រោងអភិវឌ្ឍរីកសាយភាយទៅដល់ ។ អចលនទ្រព្យដែលស្ថិតនៅតំបន់ក្រុងវាមានតម្លៃថ្លៃខ្ពស់ណាស់ទៅហើយ ដែលអាចនិយាយបានថាតម្លៃឡើងកប់ពិដាន និងមិនអាចបន្តឡើងទៀតបាននោះទេ។ 

ដូច្នេះការទិញអចលនទ្រព្យនៅឆ្ងាយពីក្រុងបន្តិចអាចនៅសល់គម្លាយ និងទទួលបានចំណេញច្រើន ប៉ុន្តែក៏មិនគួរទិញទីតាំងដែលស្ថិតនៅឆ្ងាយពីក្រុង ឬទីប្រជុំជនពេកនោះដែរ ពីព្រោះការពង្រីកគម្រោងអភិវឌ្ឍមិនអាចឈានទៅដល់ក្នុងពេលដ៏ខ្លីនោះទេ ។ ភាគច្រើន អ្នកវិនិយោគនៅលើវិស័យអចលនទ្រព្យតែងប្រើវិធីសាស្ត្រ ដូចជា មានលុយតិចទិញដីនៅជាយក្រុង ឬជាយតំបន់ទីប្រជុំជន លុះនៅពេលដែលអាចលក់ទទួលបានចំណេញកើនធនធានច្រើន នោះគេនឹងវិលត្រឡប់ចូលមកវិនិយោគនៅក្នុងតំបន់ក្រុងវិញ និងបន្តពង្រីកវិសាលភាពនៅតាមតំបន់មួយចំនួនទៀតដែលមានសក្ដានុពល និងស្ថិតនៅក្បែរក្រុងជាដើម ៕