មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​​​ចេញ​ផ្សាយ​សេចក្តី​ណែនាំ​មួយ​ចំនួនស្តី​ពី​ការ​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គមដើម្បី​បង្ការ និង​ទប់​ស្កាត់​​ការ​ចម្លង​វីរុស​កូវីដ​-១៩ទៅ​ក្នុង​សហគមន៍។ចំណុច​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ណែ​នាំ​ដូច​ខាង​ក្រោម​៖

.ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ដោយ៖

  • រក្សា​គម្លាត​សុវត្ថិភាព​​ពី​ម្នាក់ ទៅ​ម្នាក់​ទៀត​ដូច​ជា អង្គុយ​ ឈរ​ ឬ​ឈរ​រង់​ចាំ​ ឬ​ឈរ​ជជែក​គ្នា​​​​ឲ្យ​នៅ​គម្លាត​​ពី​គ្នា​ យ៉ាង​តិច​ ១.៥​ម៉ែ​ត្រ​ឡើង​ទៅ​។

  • ចៀស​វាង​ការ​ឱប ថើប ចាប់​ដៃ ដោយ​ជំនួស​​មក​វិញ​​​នូវ​ការ​អនុវត្ត​​ ការ​សំពះ ឬ​ការ​លើក​ដៃ​ជា​សញ្ញា​ ឬ​ការ​ងក់​ក្បាល​ ដែល​មាន​​ចម្ងាយ​គម្លាត​ពី​គ្នា​ឱ្យ​បាន​យ៉ាង​តិច​ ១.៥​ម៉ែត្រ​ ឡើង​។

  • ក្នុង​ករណី​​មាន​ការ​ដឹក​នាំ​ការ​ប្រជុំ ការ​បណ្តុះ​បណ្តាល និង​សិក្ខា​សាលា ត្រូវ​ខិត​ខំ​ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ តែ​ក្នុង​ករណី​​ដែល​ចាំ​បាច់​ខាន​មិន​បាន​ត្រូវ​​ធ្វើ​នៅ​ទី​តាំង​ណា​មួយ អ្នក​រៀប​ចំ​ត្រូវ​ធានា​​ថា ទី​កន្លែង​ប្រជុំ​ គឺ​ធំ​ទូ​លាយ មាន​ខ្យល់​ចេញ​ចូល ត្រូវ​រៀប​ចំ​ឱ្យ​មាន​ការ​រក្សា​គម្លាត​​សុវត្ថិភាព​ ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​​យ៉ាង​តិច​ ១.៥​ម៉ែត្រ​ឡើង វាស់​កម្តៅ​​បុគ្គល​​ចូល​រួម អ្នក​ចូល​រួម​ទាំង​អស់​ត្រូវ​​ពាក់​ម៉ាស់​​ជា​ចាំ​បាច់ និង​អនុវត្ត​អនាម័យ​​លាង​ដៃ​ជាប់​ជា​ប្រចាំ និង​ចៀស​វាង​ការ​ទៅ​កៀក​គ្នា កា​ន់​គ្នា ឬ​ប៉ះ​ពាល់​គ្នា។ បុគ្គល​ដែល​មាន​បញ្ហា​សុខភាព មិន​ត្រូវ​មក​ចូល​រួម​នោះ​ទេ។

២​.ការ​រក្សា​គម្លាត​​សុវត្ថិភាព​សង្គម​ដោយ​៖

  • ចៀស​វាង​ ឬ​បើ​ចៀស​មិន​បាន ត្រូវ​កាត់​បន្ថយ​ឱ្យ​បាន​ជា​អតិ​ប្បរមា នូវ​ការ​ជួប​ជុំ​គ្នា​ក្នុង​សង្គម​ដែល​មាន​មនុស្ស​​ម្នា​ច្រើន​​ដូច​ជា ការ​រៀប​អាពាហ៍​ពិពាហ៍ ពិធី​បុណ្យ​នានា មាន​ដូច​ជា ការ​ជួប​ជុំ​គ្នា​ក្នុង​ពិធី​បុណ្យ​ជាតិ ពិធី​បុណ្យ​សាសនា ពិធី​បុណ្យ​ប្រពៃ​ណី ឬ​ពិធី​បុណ្យ​ផ្សេង​ៗ ការ​ប្រគុំ​តន្ត្រី​ ការ​ដើរ​លេង​ជួប​ជុំ បរិភោគ​អាហារ​ជា​មួយ​មិត្ត​ភក្តិ​ខាង​ក្រៅ​ផ្ទះ ការ​ជួប​ជុំ​​ពិធី​ខួប​កំណើត ឬ​ការ​ធ្វើ​ឡើង​ផ្ទះ​ក្នុង​ទ្រង់​ទ្រា​យ​ធំ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ប្រមូល​ផ្តុំ​​គ្នា​ច្រើន​​ជា​ដើម។

  • ចៀស​វាង​ការ​ហាត់​ប្រាណ​ជា​ក្រុម​នៅ​តាម​ក្លឹប ឬ​ហាត់​ជា​ក្រុម​នៅ​ទី​តាំង​ដែល​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទី​កន្លែង​បិទ​ជិត​។

  • ចៀស​វាង​ទី​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន​។

  • អ្នក​ដែល​មាន​ហានិភ័យ​​ខ្ពស់​​​​នៃ​ការ​ចម្លង​ជំងឺ ដូច​ជា​ជន​ចាស់​ជរា ជន​ដែល​មាន​ជំងឺ​ប្រចាំ​កាយ ស្រ្តី​​មាន​​ផ្ទៃ​ពោះ និង​កុមារ​តូច​ៗ​ជា​ដើម​ មិន​ត្រូវ​ចូល​រួម​ដំណើរ ​ជួប​ប្រជុំ​គ្នា ឬ​បើ​មាន​ការ​ចាំ​បាច់​បំផុត​នោះ ត្រូវ​តែ​មាន​ការ​អនុវត្ត​កិច្ច​ការពារ​ខ្លួន​ឱ្យ​បាន​ល្អ និង​ផ្តល់​​មធ្យោបាយ​​ជំនួស​វិញ​ (ឧទាហរណ៍​​ប្រើ​ទូរសព្ទ ប្រើ​​ជា​សារ​សម្លេង ប្រើ​ជា​បែប​ទំនាក់​ទំនង​តាម​វីដេអូ សម្រាប់​ការ​​ចូល​​រួម​របស់​ពួក​គេ​)

  • លុប​ចោល ឬ​ពន្យារ​ពេល​ការ​ជួប​ជុំ ឬ​ការ​ប្រជុំ​ និង​ព្រឹត្តិការណ៍​​ដែល​បង្ក​ឱ្យ​​មាន​មនុស្ស​ច្រើន​។

  • មិន​គួរ​ចេញ​ក្រៅ​ផ្ទះ ទៅ​​កាន់​ទី​​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន បើ​មិន​ចាំ​បាច់៕