រឿងស្នេហាគឺជាការសម្រេចចិត្តសំខាន់មួយផងដែរក្នុងជីវិតព្រោះជាទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលរស់នៅជាមួយគ្នាក្នុងរយៈពេលយូរតទៅមុខនិងប្រកបដោយភាពរីករាយ។ អ្នកខ្លះបានជួបគូពិតសមប្រកបក្នុងរយៈពេលខ្លី តែខ្លះទៀតទម្រាំជួបស្នេហាពិតក៏ត្រូវជួបឧបសគ្គ និងឆ្លងកាត់រឿងខូចចិត្តខ្លះៗដែរ ទើបអាចជួបគូពិតដែលមានសុភមង្គល។តាមរយៈបទពិសោធមនុស្សជាច្រើនក្នុងទំនាក់ទំនងស្នេហា ក៏បានបង្ហាញជាចំណុចខ្លះៗសម្រាប់ស្វែងយល់បន្ថែមមុនពេលសម្រេចបង្កើតទំនាក់ទំនងស្នេហាមួយ៖
១. អ្វីជាចំណុចល្អពីមនុស្សដែលអ្នកស្រលាញ់?
ដាក់ចិត្តផ្តើមទំនាក់ទំនងស្នេហាអ្វីដែលអ្នកអាចពិចារណាដែរនោះគឺ អ្វីជាចំណុចល្អនិងចំណុចមិនល្អណាខ្លះដែលអ្នកត្រូវទទួលយក។ ចំណុចនេះគឺអ្នកយល់នូវអ្វីជាភាពសំខាន់ក្នុងទំនាក់ទំនងរបស់អ្នកនិងដៃគូ ព្រោះមនុស្សមិនអាចបានល្អគ្រប់ដប់នោះទេ ហើយតម្លៃអ្វីដែលផ្តល់ឱ្យខ្លួនឯងនិងមនុស្សដែលអ្នកស្រលាញ់។ ឧទាហរណ៍ តម្លៃទាំងនោះអាចមានដូចជា ស្មោះត្រង់គោរពឱ្យតម្លៃអ្នកដទៃ ចិត្តល្អ ជួយទុក្ខធុរៈ កំប្លែង សុភាពរាបសារ ឧស្សាហ៍ព្យាយាម ចំណេះដឹងរូបសម្បត្តិ ឬពូកែកិច្ចការផ្សេងៗជាដើម។ ដូចនេះ អ្នកអាចច្បាស់ជាមួយខ្លួនអ្នកថា អ្នកជាមនុស្សបែបណាហើយអ្នកស្រលាញ់មនុស្សបែបណា សម្រាប់ជាគូសង្សារ និងបន្តជាគូជីវិត ដែលស័ក្តិសមនឹងអ្នកនិងទទួលយកដោយឥតស្ទាក់ស្ទើរ។
២. នរណាម្នាក់នៅក្នុងចិត្ត
បើមានអ្នកនៅក្នុងចិត្តរួចហើយក៏អាចចំណាយពេលខ្លះដើម្បីស្គាល់គេបន្ថែម។ ពេលវេលានឹងប្រាប់ពីចរិតរបស់អ្នកទាំងពីរថាតើអ្នក និងគេពិតជាស័ក្តិសមគ្នាឬទេ? ជាមួយគ្នានេះ អ្នកក៏អាចសម្គាល់ពីគេបានដែរដូចជាតើគេមានលក្ខណៈដូចអ្នកគិតឬទេ? តើអ្នកអាចចុះសម្រុង នឹងគេបានល្អឬទេ? តើអ្នក និងគេ យល់និងគោរពគំនិតគ្នាទេ?
៣. តើគេក៏មានអារម្មណ៍ដូចអ្នកដែរឬទេ?
ពិតមែនទំនាក់ទំនងស្នេហាពិតប្រាកដមួយគឺទាមទារនូវក្តីស្រលាញ់រវាងមនុស្សពីរនាក់ ដូចនេះបើអ្នកមានCrushក្នុងចិត្ត តែហោចណាស់ក៏គួរប្រាកដចិត្តថា គេក៏មានចិត្តលើអ្នកវិញដែរ។សរុបខ្លីមក គឺអ្នកទាំងពីរមានអារម្មណ៍ស្រលាញ់ទៅវិញទៅមកដូចគ្នាដែលអាចបង្កើតជាស្នេហាពិតប្រាកដមួយ។ ប៉ុន្តែអ្វីៗមិនប្រាកដថាដូចចិត្តប្រាថ្នាគ្រប់រឿងឡើយវាជារឿងពិបាកពេលដឹងថាមនុស្សដែលអ្នកមានចិត្តលើប៉ុន្តែគេពុំមានអារម្មណ៍ស្រលាញ់អ្នកវិញក្នុងនាមដៃគូវិញនោះអ្នកអាចមានអារម្មណ៍ថាសោកស្តាយ ខកចិត្ត ឬខ្មាសគេដែលត្រូវគេបដិសេធ។ប៉ុន្តែគឺនៅតែមានអ្នកផ្សេងៗទៀតដែលរង់ចាំអ្នកវិញដែរ អ្វីជាសំខាន់នោះគឺគេជាមនុស្សស័ក្តិសមនឹងអ្នកហើយក៏មានអារម្មណ៍ និងក្តីស្រលាញ់មកលើអ្នកដែរ។
៤. អ្នកដែលមានគំនិតប្រហាក់ប្រហែលអ្នកដែរ
វាអាចជារឿងស្នេហាកើតឡើង៥០/៥០ នៅពេលដែលអ្នកមានចំណូលចិត្តធ្វើអ្វីមួយ ហើយបានជួបអ្នកដែលមានចំណូលចិត្តស្រដៀងអ្នកដែរ។មិនថាជាទីកន្លែង របស់របរ ឬការកម្សាន្ត អ្នកដែលមានចំណូលចិត្តប្រហាក់ប្រហែលគ្នាភាគរយច្រើនគឺអាចស្វែងពីគ្នាបានរលូន ពិសេសក្នុងរឿងស្នេហាផងដែរ។
៥. ពេលវេលានឹងប្រាប់ការពិត
ក្នុងរឿងស្នេហា អ្នកក៏គួរបើកចិត្តទូលាយខ្លះដែរទន្ទឹមនឹងនោះ អ្នកក៏ត្រូវស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯងដែរ ថាតើអ្នកស្រលាញ់គេពិតប្រាកដឬទេ?ហើយបើគេពេញចិត្តអ្នកដែរ ដោយក្តីស្រលាញ់ពិតគឺជារឿងល្អ។ អ្នកអាចសម្គាល់ថាពេលវេលានឹងបង្ហាញពីអារម្មណ៍ពិតប្រាកដរវាងមនុស្សពីរនាក់ នៅក្នុងពេលវេលាសមរម្យមួយ។រៀនស្វែងយល់បន្ថែមពីមនុស្សដែលអ្នក crush ហើយរឿងសំខាន់មួយមិនគួរភ្លេចដែរនោះគឺការឈានទៅបង្កើតស្នេហាមួយ អ្នកគួរមានភាពច្បាស់លាស់ ព្រោះទាំងអ្នក និងមនុស្សគ្រប់គ្នាគឺសុទ្ធតែចង់បានស្នេហាមួយប្រាកដប្រជា ដែលពុំមែនជាការលេងសើច។ សរុបមកវិញក្នុងពេលវេលាសមរម្យមួយ អ្នកនឹងទទួលបានចម្លើយនោះដោយខ្លួនឯង៕