ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ធនាគារវីង ប្តឹងពីឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់ធនាគារវីង ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនានាក្នុងប្រទេសកម្ពុជា ដោយលួចយកលេខកូដសម្ងាត់របស់អតិថិជន ដែលបានប្រើប្រាស់សេវាកម្មវេប្រាក់តាមរយៈធានគារវីង ចំនួន៥១លើក គិតជាទឹកប្រាក់ចំនួន ១៦,៥២៦ដុល្លារអាមេរិក។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២០៖២៥នាទី ទើបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចថតយកលេខកូដពីអតិថិនជន ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់ ហើយធ្វើការកែលេខទូរសព្ទ័នៅលើរូបភាពឲ្យដូចនឹងលេខរបស់ អតិថិជនអ្នកទទួលប្រាក់ ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែលកំពុងរវល់ មិនបានចុចឆែកលេខ បានចំនួន ៥១លើក ប្រាកដមែន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ជនសង្ស័យរូបនេះ តែងធ្វើសកម្មភាពបន្លំថតរូបភាព នៅកន្លែងផ្ទេរប្រាក់វីង ហើយយកចុងសន្លឹកផ្ទេរប្រាក់នោះ ទៅក្លែងបន្លំប្ដូរលេខទូរស័ព្ទដាក់លេខរបស់ខ្លួន ដើម្បីទៅបើកប្រាក់។