ខេត្តព្រៃវែង៖ ចាប់ពីថ្ងៃ១៧មីនានេះ អ្នកដំណើរចូលមកកម្ពុជា លែងតម្រូវឲ្យបញ្ជាក់លទ្ធផលជំងឺកូវីដ-១៩។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជា នាយករដ្ឋមន្រ្តី នៅព្រឹកទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសនៃការដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។

សម្តេចតេជោបានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ កម្ពុជា បានសម្រេច

  • លុបចោលការបញ្ជាក់ធ្វើតេស្តរកជំងឺកូវីដ-១៩ តាមម៉ាស៊ីន PCR ហើយ មុនចូលមកកម្ពុជារយៈពេល ៧២ម៉ោង ហើយកម្ពុជា
  • លុបចោលការធ្វើតេស្តរហ័សនៅពេលដែលមកដល់កម្ពុជា
  • និងអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់សម្រាប់អ្នកដំណើរអន្តរជាតិ។ 

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការសម្រេចនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលក្នុងប្រទេសកម្ពុជា សម្រាប់ប្រជាពលរដ្ឋ សម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធ្វើធុរកិច្ចជាដើម។

សូមជម្រាបជូនដែរថា ការវិវត្តិចុងក្រោយក្នុងខែមីនានេះ ការឆ្លងកូវីដ១៩ ប្រភេទថ្មី អូមីក្រុង ក្នុងប្រទេសកម្ពុជា បានធ្លាក់មកនៅក្នុងរង្វង់១០០នាក់ ក្នុង១ថ្ងៃ និងមានអ្នកកំពុងសម្រាកព្យាបាលត្រឹមតែជាង ១០០០នាក់ប៉ុណ្ណោះ។ 

ចំពោះការស្លាប់ដោយសារកូវីដ១៩ ចាប់តាំងពីមានការរីករាលដាលក្នុងប្រទេសកម្ពុជា នៅទូទាំងប្រទេសមានអ្នកស្លាប់ប្រមាណ ៣០០០នាក់។ ខណៈដែលប្រជាជនកម្ពុជា ពីអាយុ៣ឆ្នាំឡើង ៩២% បានទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដោយការស្ម័គ្រចិត្ត៕