សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មនុស្ស​គ្រប់​គ្នានៅ​ពេល​សួរ​សំណួរ​ថាតើ​អ្នក​​​ចង់​ក្លាយ​ជា​មនុស្ស​បែប​ណា​? ប្រាកដ​ណាស់​ចម្លើយ​ពិត​ជា​ឆ្លើយ​ថាចង់​ក្លាយ​ជា​មនុស្ស​​មាន​សមត្ថភាពចង់​ក្លាយ​​អ្នក​ដឹក​នាំ​ល្អ​ចង់​ក្លាយ​​​ជា​មនុស្ស​ប្រសើរ​ជាង​មុន...។ ប៉ុន្តែ នៅ​មាន​រឿង​តូច​មួយ​ដែល​ពួក​គេ​ ច្រើន​មិន​បាន ​ឬ​មិន​សូវ​ចាប់​អារម្មណ៍​​នោះ​គឺ​"ចង់​បាន​លទ្ធផល​ថ្មីប៉ុន្តែ​នៅ​តែ​ធ្វើ​រឿង​ដដែល​ៗ​"។

ចំណុច​តូច​មួយ​នេះជាក់​ស្តែង​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​អ្នក​ប្រាជ្ញវិទ្យាសាស្រ្ត​​​ផង​ដែរ គឺ​លោក Albert Einstein ដែល​គេ​ស្គាល់​ថា​ជា​កំពូល​អ្នក​ប្រាជ្ញ​រូប​វិទ្យា ​និង​គណិត​វិទ្យា​ដែល​មាន​ឥទ្ធិពល​​ខ្លាំង​​លើ​ពិភព​លោក​ក្នុង​សតវត្ស​ទី​២០។ដូច​នេះ​ចំណុច​ដែល​​គួរ​ចាប់​អារម្មណ៍​នោះគឺ​ យើង​មិន​អាច​ ធ្វើ​រឿង​ដដែល​ៗហើយ​រំពឹង​ចង់​បាន​លទ្ធផល​ថ្មី​នោះ​ទេ។

យ៉ាង​ណា​មិញដើម្បី​សម្រេច​បាន​ក្តី​សុបិន្ត​ដែល​​​មាននិង​ដែល​បាន​ប្រាថ្នានោះ​គឺ​ផ្តើម​ធ្វើ​​សកម្មភាព​ថ្មីក្លាយ​ជា​ទម្លាប់​ថ្មីដែល​ឈាន​ទៅ​រក​ជីវិត​ប្រសើរ​​​ដែល​ប៉ង​ទុក​នោះ​។ ជា​ឧទាហរណ៍​តូច​មួយដែល​ត្រូវ​បាន​អ្នក​និពន្ធ​ក្នុង​ស្រុក​ម្នាក់​លើក​ឡើង​គឺ​ លោក​ សូ សាវឿន និង​ជា​គ្រូ​បណ្តុះ​បណ្តាល​​មួយ​រូបបាន​លើក​ឡើង​ថា ជា​ធម្មតាកាល​ណា​មនុស្ស​ធ្វើ​សកម្មភាព​ដដែល​ៗ​លទ្ធផល​ដែល​ទទួល​បាន​នឹង​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ច្រើន​ទេ ពិសេស​លទ្ធ​ផល​​ភាគ​ច្រើន​គឺ​នៅ​តែ​ដដែល​ដូច​នេះ​គួរ​គប្បី​​សាក​​ល្បងសកម្មភាព​ថ្មីៗប្លែក ដែល​នាំ​ឱ្យ​រីក​ចម្រើន​និង​ភាព​ប្រសើរ​ជាង​មុន​។

Image

ហើយ​អ្វី​ដែល​គួរ​​គប្បី​អនុវត្ត​​បន្ទាប់​បន្សំ​សម្រាប់​ចំណុច​ខាង​លើ​​​នេះ​នោះ​គឺការ​ហ៊ាន​ចាប់​ផ្តើម​ធ្វើ​វា​រួច​​អ្នក​អាច​កែ​កុន​បើ​តាម​ក្រោយ​ប្រសិន​បើ​មាន​ចំណុច​ខ្វះ​ខាត​ណា​មួយ​។ នៅ​ពេល​​សកម្មភាព​ថ្មីក្លាយ​ជា​ទម្លាប់​ថ្មី​នោះ​លទ្ធផល​អ្នក​នឹង​បាន​មក​ថ្មី​ផង​ដែរ​។

ដូច្នេះ​សរុប​មក​វិញ​ការ​អភិវឌ្ឍ​ខ្លួនសិក្សា​លម្អិត​មើល​ហេតុ​​និង​ផល ជា​ស្ពាន​​ទៅ​រក​​ទម្លាប់​ថ្មី​ឆ្ពោះ​រក​ទិស​ដៅ​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រសើរ​ជាង​មុនគឺ​ជា​ចំណុច​មួយ​ដែល​គួរ​ពិចារណារ​សម្រាប់​ចាប់​អនុវត្តនិង​អនុវត្ត​ជាប់​ជា​និច្ច​​រហូត​ទៅ​ដល់​ទិស​ដៅ​ដែល​អ្ន​ក​ប៉ង​ទុក​ហើយ​អ្នក​ក៏​គួរ​ចាប់​អនុវត្ត​ពេល​នេះ​ទៅ៕