ភ្នំពេញ៖ គោលនយោបាយលើកទឹកចិត្ត និងឯកសារបច្ចេកទេស ដែលគាំទ្រការងារគ្រប់គ្រងលំនៅឋានដែលមានតម្លៃសមរម្យ ត្រូវបានរៀបចំឡើងមានលក្ខណៈសម្បត្តិដល់អតិថិជនគោលដៅដែលអាចទទួលបានសិទ្ធិ ក្នុងការទិញលំនៅឋានតម្លៃសមរម្យ លក្ខខណ្ឌកំណត់ក្រោយការទិញលំនៅឋានតម្លៃសមរម្យ និងនិតិវិធី នៃការដាក់ពាក្យស្នើសុំទិញ ឬជួលលំនៅឋានតម្លៃសមរម្យ ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្ដីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ និងឯកសារបច្ចេកទេសគាំទ្រនេះ គឺដើម្បីធានាសិទ្ធទទួលបានលំនៅឋានសមរម្យ ជូនប្រជាជន និងសម្រាប់គាំទ្រដល់ការរៀបចំអភិវឌ្ឍន៍នគរូបនីយកម្មមួយប្រកបដោយប្រសិទ្ធភាព ដែលអាចទ្រទ្រង់សុខមាលភាព និងវិបុលភាព សេដ្ឋកិច្ច និងសង្គមផង ។
ជាពិសេសជួយគាំទ្រដល់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យមព្រមទាំងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេស។ ដោយឡែកនឹងមានកាលានុវត្តភាព និងលទ្ធភាពខ្ពស់ជាងមុនក្នុងការទទួលបានលំនៅស្ថានសមរម្យជាមួយតម្លៃដែលអាចឆ្លើយតបលទ្ធភាពចំណូលរបស់ពួកគាត់ ។
អាស្រ័យដោយកំណើនតម្រូវការលំនៅឋាន និងការតាំងទីលំនៅថ្មី មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបានជះឥទ្ធិពលដល់សណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងសោភ័ណ្ឌភាពទីក្រុង ជាពិសេសដោយមើលឃើញថាលទ្ធភាពទទួលបានលំនៅឋានសមរម្យ មានសភាពកាន់តែទាបទៅៗ ។ តាមគោលនយោបាយនេះ ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីទិញដោយបង់ប្រាប់បង្គ្រប់ក៏បាន ឬបង់រំលោះក៏បាន។
ម្យ៉ាងទៀត គោលនយោបាយ ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដែលរាជរដ្ឋាភិបាលដាក់ចេញនេះពេលនេះ គឺបានគិតគូរក្នុងការរួមចំណែកលើកកម្ពស់ សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាទូទៅ និងជាពិសេសក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម ព្រមទាំងគ្រួសារងាយរងគ្រោះ តាមរយៈការបង្កើតកាលានុវត្តភាពថ្មីមួយនេះ ដែលក្រុមគ្រួសារទាំងនោះ មានលទ្ធភាពខ្ពស់ជាងមុន ក្នុងការទទួលបានលំនៅឋានសមរម្យ ជាមួយតម្លៃដែលអាចឆ្លើយតបលទ្ធភាពចំណូលរបស់ខ្លួន៕