ភ្នំពេញ ៖ នៅក្នុងទីផ្សារនៃការធ្វើជំនួញ និងអាជីវកម្មផ្សេងៗដែលត្រូវបានចាត់ទុកនៅក្នុងប្រភេទសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តខ្ពស់ ជាមួយនឹងការលើកទឹកចិត្តពីអគ្គនាយកដ្ឋានគយផងដែរ។
សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព អាចទទួលបានការលើកទឹកចិត្តផ្នែកគយចំពោះមុខសញ្ញា ដូចខាងក្រោម៖
ទី១ ៖ សម្ភារបរិក្ខារផលិតកម្ម សំដៅដល់គ្រឿងម៉ាស៊ីន ឧបករណ៍ដែលបានប្រើប្រាស់ជាមូលដ្ឋានក្នុងការបំប្លែងធាតុចូលផលិតកម្ម ហើយដែលវត្ថុទាំងនោះមិនអាចបំប្លែងបាន ដោយខ្លួនឯង ឬមិនត្រូវបានប្រើប្រាស់អស់ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីបាននាំចូល។
ទី២ ៖ សម្ភារសាងសង់ សំដៅដល់សម្ភារសំណង់ រួមទាំងឧបករណ៍ បរិក្ខារ ដែលបានបំប្លែង ឬបានប្រើប្រាស់ទាំងស្រុង នៅក្នុងការសាងសង់សំណង់បម្រើឱ្យផលិតកម្ម។
ធាតុចូលផលិតកម្ម សំដៅដល់ទំនិញ រួមទាំងវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងសម្ភារៈ បន្ទាប់បន្សំបម្រើឱ្យផលិតកម្ម ដែលត្រូវបំប្លែង ឬត្រូវបានប្រើប្រាស់យ៉ាងពេញលេញ នៅក្នុងកិច្ចដំណើរ-ការផលិតកម្ម មិនឱ្យហួសរយៈពេល២ឆ្នាំ បន្ទាប់ពីបាននាំចូល។
សម្ភារៈបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ និងធាតុចូលផលិតកម្ម មិនគិតបញ្ចូលនូវយានយន្ត គ្រឿងបន្លាស់យានយន្ត ផលិតផលតេលសិលា និងសម្ភារៈបរិក្ខារនិងគ្រឿងសង្ហារឹមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ៕