រាជធានីភ្នំពេញ៖ ក្រុមការងារបេសកកម្មគាំទ្រគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ (USESDP) បានរៀបចំកិច្ចប្រជុំក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង នៅវិទ្យាស្ថានជាតិអប់រំ ដែលជាបេសកកម្មគាំទ្រគម្រោងទី៨។

គម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ រួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមាន ដោយគម្រោងនេះផ្ដោតលើលទ្ធផលចំនួន៣គឺ៖

១.បង្កើនលទ្ធភាពទទួលបានការអប់រំនៅមធ្យមសិក្សាទុតិយភូមិ

២.បង្កើនគុណភាព និងភាពឆ្លើយតបនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ

៣.ពង្រឹងសមត្ថភាពស្ថាប័នក្នុងការរៀបចំផែនការ គ្រប់គ្រង និងផ្ដល់សេវាអប់រំ

សូមជម្រាបថា គម្រោង USESDP ជាឥណទានកម្ចីរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) ក្នុងទឺកប្រាក់ ៣០លានដុល្លា ដែលមានរយៈពេល៥ឆ្នាំ (២០១៧-២០២២) ក្នុងគោលបំណងបង្កើនគុណភាពសេវាអប់រំនៅកម្រិតមធ្យមសិក្សាទុតិយភូមិ។

គម្រោង USESDP ជាផ្នែកមួយនៃការជំរុញផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលត្រូវបានរៀបចំឡើងក្នុងគោលដៅបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ឆ្ពោះទៅឆ្នាំ២០៣០ ព្រមទាំងឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា៕