កំពង់ឆ្នាំង ៖ គិតត្រឹមខែសីហា ឆ្នាំ២០២០ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ សម្រេចបានប្រមាណ ៤២,៩៩ ភាគរយហើយ។ នេះបើផ្អែមតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចេញមុននេះបន្តិច។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ក្នុងនាមជាផ្លូវអាស៊ានលើកដំបូងរបស់កម្ពុជាមួយខ្សែនេះ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ផ្លូវមួយខ្សែនេះត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល។
កំណាត់ផ្លូវជាតិលេខ៥ មានសារៈសំខាន់ណាស់សម្រាប់ការដឹកជញ្ជូននៅក្នុងស្រុក ក៏ដូចជាការតភ្ជាប់វិស័យដឹកជញ្ជូនក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងមហាអនុតំបន់មេគង្គ ហើយក៏ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃអាស៊ានហាយវ៉េលេខ ១ (Asean Highway 1) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ផងដែរ គ្រោងចំណាយប្រមាណ៥០០លានដុល្លារ ក្រោមជំនួយកម្ចីពីរាជរដ្ឋាភិបាលជប៉ុន៕