ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាខេត្តស្វាយរៀង និងឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស អញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង ដែលបានប្រារព្ធធ្វើនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឡើង នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម ”អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបន្តថា បើទោះនៅថ្ងៃនេះរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ប្រារព្ធពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឡើងក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត នៅតែបន្តចាត់ចែងរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនៅសេសសល់ខកខានមិនទាន់បានចាក់វ៉ាក់សាំងកន្លងមកដោយមូលហេតុផ្សេងៗ ដែលរដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងអចិន្ត្រៃយ៍ ចំនួន ៨កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) និងផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋមកទទួលការចាក់សាំងឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងខេត្ត។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ 

ទន្ទឹមនេះ​ លោកជំទាវក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕