សៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ គ្រឹះស្ថានសិក្សារដ្ឋកម្រិតមធ្យមចំនួន៤៤សាលា ស្ថិតនៅក្នុងស្រុកចំនួន៨ នៃខេត្តសៀមរាប ដែលបានដាក់ពាក្យស្នើសុំកន្លងមក រួមមាន ស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកស្រីស្នំ ស្រុកវ៉ារិន ស្រុកអង្គរធំ និង ស្រុកក្រឡាញ់ បានបើកដំណើរការឲ្យបង្រៀន និង រៀនសាកល្បងជាផ្លូវការហើយ ខណៈ សាលាកម្រិតបឋមសិក្សាចំនួន១២៩សាលា គ្រោងនឹងបើកដំណើរការសាកល្បង នៅថ្ងៃទី២០ ខែតុលាខាងមុខនេះផងដែរ ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និង ជាអនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើក ដំណើរការ ឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង តាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ជម្រាបដល់រដ្ឋបាលរាជធានី ខេត្តទាំងអស់ ឲ្យធ្វើការពិចារណា និង គិតគូរឲ្យបានហ្មត់ចត់ បើកដំណើរ រដ្ឋបាលខេត្ត សៀមរាប បានសម្រេចបង្កើតគណៈកម្មការ ត្រួតពិនិត្យ និង វាយតម្លែការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមានឯកឧត្ដម ទៀ សីហា អភិបាលខេត្ត ជាប្រធាន និង មាន ឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ថា្នក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អភិបាលក្រុង ស្រុក ជាអនុប្រធាន និងសមាជិក នៃគណៈកម្មការនេះ ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ក៏បានបញ្ជាក់ថា ខេត្តសៀមរាប កន្លងមកនេះ បើទោះជា ការបង្រៀននិងរៀនតាមបណ្តុំមិនទាន់បានដំណើរការនៅឡើយ ក៏ប៉ុន្តែការបង្រៀននិងរៀនពីចម្ងាយ ត្រូវបាន អនុវត្តតាមការណែនាំ របស់ក្រសួងទាំងនៅទីក្រុង ទីប្រជុំជន និង នៅទីជនបទ ដោយបានរៀបចំឲ្យមានក្នុងរូបភាពចម្រុះ ជាបណ្តុំតាមសហគមន៍ ដែលធ្វើ ឲ្យកិច្ចការទាំងនេះ បានបង្កើតឲ្យមានបទជាពិសោធន៍ផងដែរ ។ ដូច្នេះការបើកសាលា រៀនឡើងវិញនៅថ្ងៃនេះ មានវិទ្យាល័យចំនួន ១៤ កន្លែង និង អនុវិទ្យាល័យចំនួន ៣០កន្លែង ដែលក្នុងថ្នាក់រៀននីមួយៗ មានសិស្សមិនលើសពីចំនួន១៥នាក់ ហើយលក្ខខ័ណ្ឌ ឬ វិធានការសម្រាប់ដំណើរការបើកសាលារៀនឡើងវិញនោះគឺ គណៈកម្មការ ឬអាជ្ញាធរមូលដ្ឋាន ដែលមានការចូលរួមពីគ្រប់អ្នកពាក់ ព័ន្ធនោះគឺត្រូវតែពិនិត្យស្ថានភាពតំបន់។

លោក ពៅ ពិសិដ្ឋ ក៏បានបន្ថែមទៀតថា មុននឹងយើងបើកសាលារៀនវិញនៅថ្ងៃនេះ យើងបានឆ្លងកាត់នូវដំណាក់កាលនៃការត្រួត ពិនិត្យនិងវាយតម្លៃ ច្រើនករណីណាស់ គឺ ទី១. បើកនៅតាមសាលានៃបណ្ដាស្រុកដែលមានហានិភ័យទាប ដោយអនុវត្តការរៀន តាមបណ្ដុំ មិនលើសពី១៥នាក់ តាមស្តង់ដាប្រតិបត្តិការក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងសុខាភិបាល និង ផ្ដល់អាទិភាពដល់ សិស្សថ្នាក់ទី៩ និងទី១២ សម្រាប់តំបន់មានហានិភ័យមធ្យម , ទី២. ពិនិត្យលទ្ធភាពលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ទាំងអស់ត្រូវ តែបានចាក់វ៉ាក់សាំងទាំងពីរដូសគ្រប់ៗគ្នា និង ទី៣. ការចុះត្រួតពិនិត្យនៅតាមទីតាំងសាលារៀននៃស្រុកមួយ ចំនួនដែលបានដាក់ ពាក្យស្នើសុំ ស្របទៅតាមគោលការណ៍ SOP របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចជាសាលាត្រូវ មានទីកន្លែងសម្រាប់លាងដៃនឹង សាប៊ូ លាងដៃនឹងអាល់កុល ការត្រួតពិនិត្យកម្ដៅ និង សិស្សានុសិស្សត្រូវពាក់ម៉ាស់ឲ្យ គ្រប់ៗគ្នា និង គ្រប់ពេលវេលាជាប្រចាំ ។

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានសាលាមត្តេយ្យសិក្សាចំនួន២០កន្លែង និងមានថ្នាក់មត្តេយ្យសិក្សា ផ្សេងទៀត ដែលស្ថិតក្នុងសាលាបឋមសិក្សាចំនួនជាង ៤០០ កន្លែង , សាលាបឋមសិក្សាចំនួនជាង ៥១៤ កន្លែង , មានអនុវិទ្យាល័យ ចំនួន៨២កន្លែង មានវិទ្យាល័យ ចំនួន៤១កន្លែង ៕