ខេត្តសៀមរាប៖ ខេត្តសៀមរាបនឹងរៀបចំកម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។ រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

បើតាមការរៀបរាប់លើទំព័រហ្វេសប៊ុករបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញពី កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖

១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ

២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២

៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប

៤.ផ្សារទឹក

៥.ផាប់ស្ទ្រីត

៦.កម្មវិធីជិះកង់

៧.កម្មវិធីកីឡាវាយកូនហ្គោល

៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន

៩.ផ្ទាំងទស្សនីយភាពសិល្បៈ

ទោះជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរកំសាន្ត ក្នុងស្ថានភាពដែលមានវិបត្តិជំងឺកូវីដ១៩ ឲ្យចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖

១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា

២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។ រដ្ឋបាលខេត្តនឹងជូនដំណឹងកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ៕