ខេត្តប៉ៃលិន៖ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស និង លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុង ពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវី-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ក្នុង បរិវេណមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមាន ប្រសាសន៍គូស បញ្ជាក់ថា៖ ការបង្កើតឲ្យមាននូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ទៅនឹងជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រសំខាន់ របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រក្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូន ប្រជាពលរដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបានប្រមាណជាង៩០%ហើយនៅទូទាំងប្រទេស ដែលនេះបង្ហាញឲ្យឃើញពីការកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពី សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ ការបិទយុទ្ធនាការចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែកកុមារអាយុពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា ហើយលោកជំទាវ ក៏បានណែនាំឲ្យរដ្ឋបាលខេត្ត រក្សាទុកវ៉ាក់សាំងមួយចំនួន សម្រាប់ ប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើបត្រឡប់មកពីបរទេស ជាពិសេស ពលករ ដែលមកពីប្រទេសថៃ ដើម្បីឲ្យពួកគាត់មានឱកាសទទួលបាន វ៉ាក់សាំងសម្រាប់ជាកងការពារ ខ្លួនផងដែរ។

បើតាមការបញ្ជាក់របស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមាន ប្រសាសន៍ឲ្យដឹងថា៖ ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៤១,៩៧៧ ស្មើនឹង ១០២,៣៩%, ដូសទី២ ចំនួន៣៩,៥៦៦នាក់ ស្មើនឹង ៩៦,៥១% ដោយបានប្រើប្រាស់ គ្រូពេទ្យចំនួន ៧ក្រុម គ្រប់ឃុំ-សង្កាត់ ទូទាំងខេត្ត ដោយឡែកកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចាក់វ៉ាក់ សាំង ដូសទី១ បានចំនួន ៨,៥២៨នាក់ ស្មើនឹង៨៥,២០% និងដូសទី២ កំពុងដំណើការចាក់ជារៀងរាល់ថ្ងៃ ចំណែកសម្រាប់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំងដូសជម្រុញ ចំនួន ២,៣៧៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន