ខេត្តកំពង់ធំ៖ ផ្ទៃដីចំនួន៣៥៦៦,៥៦១ហិកតា ត្រូវបានរកឃើញថា ជាការទន្រ្ទានឈូសឆាយដីព្រៃលិចទឹកនិងកាន់កាប់ដោយខុសច្បាប់ ក្នុងខេត្តកំពង់ធំ ចាប់ពីឆ្នាំ២០១៩ ដែលស្មើនឹងចំនួនសរុបដល់ ៤០ករណី។ នេះបើយោងតាមការបង្ហោះសាររបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា នារសៀលថ្ងៃ២៩ វិច្ឆិកានេះ បានបន្ដដំណើរទៅជួបពិភាក្សាការងារ ជាមួយឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។ 

ខេត្តកំពង់ធំ មានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួនបួន៖ ក្រុងស្ទឹងសែន មាន ៣ ករណី, ស្រុកបារាយ មានចំនួន ២ ករណី, ស្រុកស្ទោង មាន៦ ករណី, និងស្រុកកំពង់ស្វាយ មាន១៩ ករណី ដែលក្នុងនេះនៅ៖

  • ឆ្នាំ២០២១៩ មាន១៤ករណី ស្មើនឹង ៩៤៣,១៦៥ ហិកតា ស្ថិតក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ
  • ឆ្នាំ២០២០ មានចំនួន ១២ករណី ស្មើនឹង ១៩០,៥ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៏
  • ឆ្នាំ២០២១ មានចំនួន ១៤ករណី ស្មើនឹង ១២១៣,៣៣៦ ហិកតា ស្ថិតនៅក្នុងស្រុក កំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន ។

ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ ។ 

សូមបញ្ជាក់ថា៖ ក្នុងចំណោម ៤០ ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារង ខេត្តកំពង់ធំ ។ 

ទាក់ទងទៅនឹងករណីដែលមានកើតឡើងនៅក្នុងខេត្តនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តកំពង់ធំពន្លឿននិតិវិធី និងឈានទៅដល់ការកាត់ក្តីឲ្យបានឆាប់ដែលអាចធ្វើទៅបាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕